(បន្ទាយមានជ័យ)៖ ជនសង្ស័យជាឃាតកម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពសម្លាប់ប្អូនថ្លៃខ្លួនឯង ក្រោយមកលួចរត់ឆ្លងដែនបំណងទៅប្រទេសថៃ តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលកម្ពុជា សហការជាមួយ សមត្ថកិច្ចព្រំដែនថៃ បានចាប់ខ្លួន ជនសង្ស័យម្នាក់ដែលជាឃាតកសម្លាប់ប្អូនថ្លៃខ្លួនឯង កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅក្រោមស្ពានទឹកថ្លា ស្ថិតភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកស្នងការបានបន្តទៀតថា បន្ទាប់ពីសម្លាប់ប្អូនថ្លៃរបស់ខ្លូនហើយ ជនសង្ស័យមានបំណងឆ្លងដែនចូលទៅប្រទេសថៃដើម្បីគេចខ្លួនតែត្រូវកម្លាំងរបស់លោក និងកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនចាប់បានមកវិញ។
លោកឧត្តមសេនីយ៍ទោបានបន្ដទៀតថា ជនសង្ស័យឈ្មោះ ប៊ីវ ឡុង អាយុ៣០ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ ទី ទីន ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិសូភីកណ្តាល ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕