(ភ្នំពេញ)៖ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាមូលដ្ឋានគ្រឹះជំរុញការកសាង សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាមួយការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកា ដើម្បីសម្រេចបាននូវគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាត ហើយ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ថ្មី គឺជាយន្តការអនុវត្តជាក់ស្ដែង ដែលបានពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋាន លើកិច្ចការអនាម័យ និងបរិស្ថាន។

ក្នុងឱកាសធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលសិក្ខាសាលា បូកសរុបការងារវិមជ្ឈការ និងវិសហមជ្ឈការវិស័យបរិស្ថានឆ្នាំ២០២២ នៅក្នុងសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២, លោក ចាយ សាមិត្ត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន ក្រសួងបរិស្ថាន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយកែទម្រង់ របស់រាជរាដ្ឋាភិបាលរួមមាន៖

ទី១៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ
ទី២៖ ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
ទី៣៖ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
និងទី៤៖ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

លោក ចាយ សាមិត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម ព្រមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ នឹងឈានទៅសម្រេចឱ្យបានឋានៈប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ ក្នុងការអនុវត្តគោលនយោបាយកែទម្រង់នេះ ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជននានា។

ក្រសួងបរិស្ថានបានប្រគល់មុខងារចំនួន៥ និងមុខងាររងចំនួន៦ និងសកម្មភាពចំនួន២៦ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ មុខងារទាំង៥ នោះរួមមានទី១៖ ការងាររដ្ឋបាលការពារនិងអភិរក្សធម្មជាតិ, ទី២៖ ការងារសហគមន៍មូលដ្ឋាន, ទី៣៖ ការងារកិច្ចគាំពារបរិស្ថានដែលក្នុងនោះរួមមាន ការគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់, ទី៤៖ ការងារចំណេះដឹងនិងព័ត៌មានបរិស្ថាន និងទី៥៖ ការអភិវឌ្ឍដោយចីរភាព។

ដើម្បីអនុវត្តមុខងារទាំងនេះ ប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ ក្រសួងបរិស្ថានមិនមែនត្រឹមតែផ្ទេរតែមុខងារប៉ុណ្ណោះទេ ប៉ុន្តែបានផ្ទេរធនធានហិរញ្ញវត្ថុ និងការផ្ទេរធនធានមនុស្ស និងសម្ភារបច្ចេកទេសបន្ថែមទៀត។ ចាប់តាំងពីឆ្នាំ២០១៥មក មានការផ្ទេរធនធានហិរញ្ញវត្ថុដែលជាថវិកាអនាម័យបរិស្ថានក្រុងចំនួន ៨០០០លានរៀន ក្នុងមួយឆ្នាំ និងថវិកាបន្ទុកបុគ្គលិក និងបុព្វហេតុ រដ្ឋបាលចំនួន ៣២១៧លានរៀល ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់សម្ភារបច្ចេកទេសរួមមាន៖ ម៉ាស៊ីននចម្រោះទឹកស្អាតចំនួន ២៣០គ្រឿង រឺម៉កម៉ូតូកង់បីចំនួន ១១៨គ្រឿង រថយន្តដឹកសំរាមចំនួន ៤៨គ្រឿង ឡដុតសំរាមចំនួន ៥៤គ្រឿង៕