(កំពត)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធសាលារៀន និងចែកអំណោយជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ពិធីខាងលើមានការចូលរួមអមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន រួមមានប្រធានគណៈអ៉ីម៊ាំខេត្តកំពត, អភិបាលរងខេត្តកំពត, ប្រធានក្រុមប្រឹក្សាស្រុកអង្គរជ័យ, អភិបាលស្រុកអង្គរជ័យ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ទាប់ពីមានមតិស្វាគមន៍របស់លោក មួង នឿន អភិបាលស្រុកអង្គរជ័យរួចមក លោក រ៉ូហ្វី អូស្មាន បានឡើងមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយក្តីសោមនស្សរីករាយបំផុត ហើយក្នុងឱកាសនោះដែរ លោកក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសផងដែរ។
លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលខិតខំប្រឹងប្រែងធ្វើការងារមនុស្សធម៌ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ទើបយើងមានថ្នាក់ដឹកនាំ ដែលប្រកបដោយគតិបណ្ឌិត និងធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ដោយក្នុងនោះខេត្តកំពតក៏ទទួលបាននូវការអភិវឌ្ឍន៍ និងរីកចម្រើនផងដែរ។ គុណបំណាច់គណបក្សប្រជាជនមានភាពធំធេងណាស់ យើងមិនអាចគណនាបានទេ។
លោកបានបន្តលើកឡើងថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងការទប់ស្កាត់កូវីត-១៩ នេះដោយសារតែមានការដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ ដែលធ្វើឲ្យកម្ពុជាមានលទ្ធផលល្អ ក្នុងការការពារទប់ស្កាត់កូវីត-១៩ នេះ។
លោក រ៉ូហ្វី អូស្មាន ក៏បានជំរុញដល់ប្រជាពលរដ្ឋ សូមចូលរួមការពារសន្តិភាពទាំងអស់គ្នា តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា សាលារៀនដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ មានចំនួន១ខ្នង មាន២បន្ទប់ ចំណាយថវិកាសាងសង់ ២០,៤៦២ដុល្លារ, បន្ទប់ទឹក ១ខ្នង មាន២បន្ទប់ ចំណាយថវិកាសាងសង់សរុប៣,៣៧៥ដុល្លារ។ ដោយឡែកអំណោយ ដែលបានចែកជូនប្រជាពលរដ្ឋមាន ចំនួន៥០កញ្ចប់ ចំណាយថវិកាអស់១,២៥០ដុល្លារ។ សម្រាប់ថវិកាសរុបក្នុងការ សាងសង់សាលារៀន បន្ទប់ទឹក និងចែកអំណោយខាងលើមានចំនួន ២៥,០៨៧ដុល្លារ ជាជំនួយសប្បុរសធម៌នៃប្រទេសអេមីរ៉េតអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍៕