(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលនូវគ្រឿង ឥស្សរិយយស ជាតូបការ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានប្រោសព្រះរាជទានដល់រូបលោក។
លោក ផៃ ស៊ីផាន សូមលំឱនកាយ ក្រាបបង្គំថ្វាយនូវអំណរព្រះរាជគុណ ចំពោះព្រះមហាក្សត្រដែលមានខ្លឹមសារដូចខាងក្រោម៖
ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ ផៃ ស៊ីផាន សូមលំឱនកាយ ក្រាបបង្គំទូលថ្វាយនូវអំណរព្រះរាជគុណ ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈ ដែលព្រះអង្គបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ នៃព្រះរាជាណាចក្រកម្ពុជា ដល់ទូលព្រះបង្គំជាខ្ញុំ។
ខ្ញុំបាទសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសដល់ខ្ញុំបាទ។
ជាពិសេសបន្ថែមទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះ បុគ្គលិក ជំនួយការ និងសហសេវិក របស់ខ្ញុំ។ ប្រសិនបើគ្មានការចូលរួមដ៏សស្រាក់សស្រាំប្រកបដោយ ថាមពលរបស់ បុគ្គលិក ជំនួយការ និងសហសេវិករបស់ខ្ញុំទេ ខ្ញុំជឿជាក់ថា ខ្ញុំប្រាកដជាមិនអាច ទទួលបានឱកាសនេះដែរ។ កិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ នៅពេលនេះ ក៏ជាកិត្តិយសរបស់សហការីទាំងអស់ផងដែរ៕