(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិ បរិស្ថាន ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើងស្អាត និងបៃតង» ដែលប្រារព្ធធ្វើឡើង នៅផ្សារបឹងឈូក ដែលជាតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ថ្លែងនៅក្នុងទិវាជាតិបរិស្ថាននេះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានលើកឡើងដូច្នេះថា ការរៀបចំ និងការចូលរួមទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែក ក្នុងបុព្វហេតុបរិស្ថាន វានឹងក្លាយជា ចលករ ដែលជំរុញឲ្យមានការ ផ្ដើមធ្វើសកម្មភាព មេត្រីបរិស្ថាន រួមចំណែកឲ្យភពផែនដីយើង ស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប។

គោលបំណងនៃការរៀបចំទិវាជាតិ បរិស្ថាននេះឡើង គឺ៖

ទី១៖ នៅទីសាធារណៈ រដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវចាត់វិធានការ ធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំដោយត្រូវសម្អាតនិងប្រមូលសំរាមមិនឲ្យមាន នៅតាមដងផ្លូវច្រាំងទន្លេសួនច្បារទីផ្សារនិងរៀបចំដាំកូនឈើបន្ថែមតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន។

ទី២៖ គ្រប់គ្រឹះស្ថានសាធារណៈសាលារៀន វត្តអារាម មន្ទីរពេទ្យ សូមចាត់ ចែងធ្វើអនាម័យសម្អាតទាំងក្នុងនិងក្រៅបរិវេណអង្គភាព ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម កាកសំណល់រឹងឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍ 4Rs សំដៅធានាបរិយាកាសការងារល្អនិងសោភ័ណភាព។

ទី៣៖ រោងចក្រ សហគ្រាស សិប្បកម្មអាជីវកម្ម ត្រូវធ្វើអនាម័យសម្អាតទាំងក្នុងនិងជុំវិញទីតាំងរបស់ខ្លួន និងត្រូវ អប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូនអំពីការគ្រប់គ្រងសំរាមនិងកាកសំណល់រឹង ឲ្យបានត្រឹមត្រូវ។

ទី៤៖ រមណីយដ្ឋាន មណ្ឌលកម្សាន្តភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្មសម្រាក លម្ហែនិងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម. សំណល់រឹង ឲ្យបានរៀបរយ. ដាក់ធុងសំរាមឲ្យបានគ្រប់គ្រាន់និងដឹកជញ្ជូនចេញឲ្យទាន់ពេលវេលា។

ទី៥៖ លំនៅឋានៈ អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យបរិស្ថាននៅតាម លំនៅឋាន ហ្នឹងតាមពីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាតប្រមូលទុកដាក់សំរាម សំណល់រឹង ឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែង នៃមូលដ្ឋាននីមួយៗ និងស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញក្នុងទិសដៅ ធានាឲ្យបាន នូវគុណភាពបរិស្ថាន សោភ័ណភាព និងអនាម័យ។

នៅក្នុងពិធីទិវាជាតិបរិស្ថាននេះដែរ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ការងារបរិស្ថាន ជាកិច្ចការងារដែលត្រូវបានពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងហើយតម្រូវឲ្យគ្រប់ភាគីទាំងអស់ទាំងក្របខ័ណ្ឌសង្គមជាតិ តំបន់ និងពិភពលោក ចូលរួម ពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការនិងដំណោះស្រាយឲ្យបានសមស្រប ដើម្បីរក្សាបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។ ដោយឡែក ក្រសួងបរិស្ថានក៏បាន ចេញសារាចរណែនាំដល់បណ្ដាមន្ទីរស្ថាប័ននិងអង្គភាពព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបញ្ឈប់ការបោះសំរាមនិងកាក សំណល់គ្រប់ប្រភេទ ពាសវាលពាស កាល ដោយទាមទារឲ្យមានការ បែងចែកនិងវេចខ្ចប់សំរាម ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ មិនតែប៉ុណ្ណោះ ក៏បានដាក់ចេញនូវវិធានការ ផាកពិន័យយ៉ាងធ្ងន់ធ្ងរផងដែរ ដល់ជនទាំងឡាយណា ដែលបន្តបោះចោលសំរាម ដោយគ្មានសណ្តាប់ធ្នាប់តាមទីសាធារណៈ។

នៅចុងបញ្ចប់លោកអភិបាល បានស្នើសុំដល់ លោក លោកស្រី មន្ត្រីរាជការ ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមចូលរួមបោសសម្អាតអនាម័យបរិស្ថានគ្រប់ទីកន្លែង ដើម្បីឲ្យប្រទេសកម្ពុជា និងពិភពលោក កាន់តែស្រស់ស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ ឱ្យបានត្រឹមត្រូវ៕