(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាច្រើននាក់ បានស្នើ និងសំណូមពរជាច្រើន ពិសេសការ ធ្វើផ្លូវឡើងវិញ ដោយសារតែផ្លូវទាំងនោះបានរងការខូចខាតខ្ទេចខ្ទីអស់ក្នុងមូលដ្ឋាន និងការស្នើសុំប្តូរការបង់លុយថ្លៃសម្រាម ជាដុល្លារមកជាលុយខ្មែរវិញជាដើម។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
វេទិកានេះប្រជាពលរដ្ឋ បានលើកឡើងជាសំណួរ និងសំណើរផ្ទាល់មាត់ចំនួន៨នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន៣៦បញ្ហា។ ចំពោះសំណួរ និងសំណើរផ្ទាល់មាត់រួមមាន៖ ការស្នើឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ លូ តបណ្តាញទឹកស្អាត បំពាក់ភ្លើងបំភ្លឺសាធារណៈ ការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសម្រាមជាដុល្លារមកជាលុយខ្មែរវិញ និងការសុំបង្កើតអនុវិទ្យាល័យបន្ថែមនៅសង្កាត់ព្រៃស និងការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូប នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឺស ខណៈវិទ្យាល័យនេះ មិនមាននាយកសាលាយូរហើយ។
ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់ទាំង៨នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌ រាជធានី និងមន្ទីរជំនាញ បកស្រាយបំភ្លឺភ្លាមៗជូនប្រជាពលរដ្ឋផងដែរ ដោយរាល់សំណើ សំណូមពរខ្លះត្រូវបានដោះស្រាយបានលទ្ធផលភ្លាមៗ ហើយសំណើ សំណូមពរខ្លះទៀតរង់ចាំប្រជុំ និងពិភាក្សាដោះស្រាយជូននៅពេលក្រោយបន្តបន្ទាប់ទៀត។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានលើកឡើងថា ការជួលជុលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាននាប៉ុន្មានឆ្នាំនេះ ពិតជាមានបញ្ហាមួយចំនួន ព្រោះតែគម្រោងខ្លះត្រូវខកខាន ឬពន្យាពេលដោយបញ្ហាសារកូវីដ១៩ តែរាល់សំណើ និងសំណូមពរខ្លះរបស់បងប្អូន មានមួយចំនួន ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ។ ចំណែកសំណើរបស់បងប្អូននៅក្រៅគម្រោង យើងនឹងយកទៅដាក់នៅក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ សង្កាត់នៅឆ្នាំបន្តបន្ទាប់ទៀត ពោលគឺរាល់សំណើ សំណូមពររបស់បងប្អូន ត្រូវតែដោះស្រាយជូនមិនអាចទុកចោលនោះទេ។
ចំពោះការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសម្រាមជាដុល្លារ មកជាលុយខ្មែរវិញនោះលោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ក្រុមហ៊ុនប្រមូលសំរាមទាំង៣ គឺសុទ្ធតែភាគហ៊ុនធំមកពីបរទេស ដែលក្រុមហ៊ុនទាំងនោះតម្រូវឲ្យបង់ប្រាក់ជាដុល្លារ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញ និងប្រជុំពិភាក្សាជាមួយធនាគារជាតិបន្តទៀតជុំវិញបញ្ហានេះ។
ចំពោះការសំណើសុំបង្កើតអនុវិទ្យាល័យបន្ថែមនៅសង្កាត់ព្រៃស ត្រូវបានលោក ម៉ប់ សារិន បញ្ជាក់ថា សំណើរនេះត្រូវការចាយលុយច្រើនណាស់ ទាំងទៅលើការទិញដី សាងសង់អគារជាដើម។ តែទោះជាយ៉ាងអាជ្ញាធរ និងពិនិត្យលទ្ធភាព មើលទៅលើសាលាមឋមសិក្សានៅក្នុងសង្កាត់នេះថាតើអាចយកមួយចំណែកណា នៃសាលាបឋមសិក្សានោះ បង្កើតជាអនុវិទ្យាល័យបានឬយ៉ាងណា។ ចំពោះការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូប នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឺស យើងនឹងពិនិត្យពិភាក្សាជ្រើសជ្រើសនៅពេលឆាប់ៗនេះ។
ចំពោះការស្នើសុំតបណ្តាញទឹកស្អាត ខាងមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា ចំពោះការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមានការខ្វះខាតជាការពិត ព្រោះតែរាជធានីភ្នំពេញ អភិវឌ្ឍន៍លឿនពេក គម្រោងយើងតាមមិនទាន់ទេ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងពិនិត្យលទ្ធភាព តបណ្តាញទឹកជូនបងប្អូន ពោលគឺបើមានបំពង់មេហើយ សូមបងប្អូនរួសរាន់ធ្វើសំណើរមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យបានលឿន ដើម្បីឲ្យក្រុមការងារចុះពិនិត្យជាក់ស្តែង ហើយតភ្ជាប់ជូនប្រជាពលរដ្ឋបានប្រើប្រាស់៕