(ក្រចេះ)៖ លោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តទាំង ២១រូប និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះឲ្យខេត្តព្រមទាំងប្រជាពលរដ្ឋប្រមាណ ៣០០នាក់ នៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២២នេះ បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ នៅក្នុងក្រគរ ក្រុងក្រចេះ។
លោក ហឿ ស៉ីយ៉ែម បានលើកឡើងថា ការបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺមានគោលបំណង់ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត ទទួលបានតាមរយៈ ការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។
លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិកា និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះដែរលោក វ៉ា ថន បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ លើកជាសំណូមពរ ដល់គណៈអធិបតីប្រធានអង្គវេទិកា ឬអាជ្ញាធរពាក់ព័ន្ធឱ្យចូលរួមរកដំណោះស្រាយ អ្វីដែលជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។
នៅក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តអាជ្ញាធរដែនដីពាក់ព័ន្ធ បានធ្វើការឆ្លើយបំភ្លឺ និងដោះស្រាយនូវសំណូមពរមួយចំនួន ដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងអង្គវេទិកាដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ រួមមាន ការស្នើសុំធ្វើផ្លូវ ក្នុងភូមិទួលមនោរម្យ ២ខ្សែ មានប្រវែង១០០ ម៉ែត្រនិងប្រវែង១០០០ម៉ែត្រ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរ ពិសេសសិក្សានុសិស្សទៅសាលាបានស្រួល, សុំកាយប្រឡាយទឹកនៅទំនប់ទ្រនំឆ្នាំង ដើម្បីទទួលបានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល, ស្នើសុំម្ចាស់ឡានដឹកដីកុំបើកលឿនៗពេក, សុំជួយតបណ្ដាញអគ្គិសនី, ស្នើសុំឲ្យខាងសង្កាត់ជួយពន្លឿនក្នុងកែឈ្មោះ ក្នុងអត្តសញ្ញាណប័ណ្ណ ព្រមទាំងរឿងទំនាស់ដីធ្លី សូមឱ្យអាជ្ញាធរជួយរកដំណោះស្រាយ៕