(ភ្នំពេញ)៖ «ការងារសហគមន៍ជាយន្តការសំខាន់បន្ថែម ក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងជុំវិញតំបន់ការពារធម្មជាតិ»

នេះគឺជាការលើកឡើងរបស់ លោក ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣។

លោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន បានធ្វើបទបង្ហាញពីរបាយការណ៍លទ្ធផលការងារសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយលើកយកនូវចំណុចសំខាន់ៗមួយចំនួនមកបង្ហាញរួមមានទី១៖ លទ្ធផលការងាររួមឆ្នាំ២០២២៖ ការរៀបចំបង្កើត និងគ្រប់គ្រងសហគមន៍មូលដ្ឋាន និងបណ្តុះបណ្តាល, ការលើកកម្ពស់ជីវភាពសហគមន៍, ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ, ការសិក្សា និងអភិរក្សតំបន់បេតិកភណ្ឌ និងវេទិកាស្តពីការ «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍, ទី២៖ បញ្ហាប្រឈម, ទី៣៖ ទិសដៅការងារឆ្នាំ២០២៣ និង៤៖ សំណូមពរ។

បច្ចុប្បន្ននេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន១៩០ ត្រូវបានរៀបចំក្នុងតំបន់ការពារធម្មជាតិចំនួន៣៤ ដោយមានអ្នកចូលរួមចំនួន ៧១,៧២៣គ្រួសារ និងមានផ្ទៃដីសរុបជាង ៣០ម៉ឺនហិកតា គ្រប់ដណ្តប់ចំនួន ៣៥៦ ភូមិ១១៤ឃុំ ក្នុងខេត្តចំនួន១៦។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រទៅលើមធ្យោបាយ ក៏ដូចជាហិរញ្ញវត្ថុ ដើម្បីឱ្យសហគមន៍តំបន់ការពារធម្មជាតិទាំងអស់មានលទ្ធភាពនៅក្នុងការអភិវឌ្ឍដោយខ្លួនឯង ដូចជា ផ្តល់នូវពូជសត្វ ពូជដំណាំ ដែលទាំងអស់នេះហៅថាជាការបង្កើតនូវសន្តិសុខស្បៀងសម្រាប់គ្រួសារគាត់ផង និងសហគមន៍ផង។

ក្រសួងបរិស្ថានក៏បានផ្តល់សត្វគោចំនួន ២,០៦៦ក្បាល ក្របីចំនួន ៤៩៨ក្បាល សត្វចៀមចំនួន ៩៣៣ក្បាល ពពែចំនួន ៥៦៣ក្បាល ជ្រូកចំនួន ៨៣០ក្បាល និងមាន់ចំនួន ៥៦២០ក្បាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ផងដែរ៕