(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការយល់ដឹងអំពីការវិនិយោគហិរញ្ញវត្ថុ» ដើម្បីផ្ដល់ឱកាសឲ្យសាធារណជន ជាពិសេសនិស្សិត ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពីវាគ្មិនជំនាញ សម្រាប់ការទាញយកអត្ថប្រយោជន៍ផ្ទាល់ពីទីផ្សារហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

កម្មវិធីនេះ មានអញ្ជើញការចូលរួមពីថ្នាក់ដឹកនាំ អភិបាលក្រុង/ស្រុក ប្រធានមន្ទីរពាក់ព័ទ្ធ វិនិយោគិន សិស្សនិស្សិតជាច្រើននាក់នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងដោយមានកិច្ចសហការពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្ដល់ឱកាសឲ្យសាធារណជន ជាពិសេសវិនិយោគិន អ្នកដែលមានបំណងជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុ ក៏ដូចជានិស្សិត ឲ្យទទួលបាននូវចំណេះដឹង អំពីការវិនិយោគតាមបែបបច្ចេកវិទ្យា ផែនការយុទ្ធសាស្រ្ត និងការគ្រប់គ្រងហានិភ័យ និងបទពិសោធន៍ល្អៗពីវាគ្មិនជំនាញ សម្រាប់ការទាញយកអត្ថប្រយោជន៍ផ្ទាល់ពីទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

លោក Lawrence Kook នាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបញ្ជាក់ថា៖ «ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែបន្តបេសកកម្មរបស់ខ្លួនក្នុងការគាំទ និងសម្របសម្រួល ដល់ក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទនិយ័តករទីផ្សារ និងដៃគូសហការរបស់ខ្លួន ក្នុងការនាំយកសកម្មភាពនានា ដែលជួយដល់សាធារណជន និងអតិថិជន ឲ្យទទួលបាននូវអត្ថប្រយោជន៍ ពីទីផ្សារហិរញ្ញវត្ថុ»

លោកបានបន្ថែមទៀតថា «ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់យើងទាំងអស់តែងតសកម្ម និងមានផែនការច្បាស់លាស់ក្នុងការផ្សព្វផ្សាយអំពីទីផ្សារ។ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនឈ្មួញជើងសារ ឧបករណ៍និស្សន្ទឈានមុខគេចំនួនពីររបស់យើង គឺក្រុមហ៊ុន ហ្គោលវែល ខាភី ថល និងក្រុមហ៊ុន ភីភី លីង ស៊ីឃ្យូរីធី កំពុងតែបង្កើតគំរូដ៏ល្អមួយ។ ដោយយើងយល់ឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានសារៈសំខាន់នៅក្នុងគ្រប់វិស័យ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល យើងមានសោមនស្សដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណើរបេសកកម្មមួយនេះ»

លោក សុក ហៃ បានថ្លែងថា ការបើកសិក្ខាសាលានាពេលនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងការស្វែងយល់បន្ថែមអំពីការវិនិយោគតាមបែបបច្ចេកវិទ្យា ក៏ដូចជាដើម្បីជួយត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអ្នកចូលរួមទាំងអស់បានស្វែងយល់ពីទិដ្ឋភាពមូលដ្ឋាន នៃការវិនិយោគហិរញ្ញវត្ថុដែលមាននៅជុំវិញទីផ្សារកម្ពុជា និងពិភពលោក។

លោកបានបន្ដថា សិក្ខាសាលានេះ ពិតជាបានរួមចំណែកផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏មានសារៈសំខាន់នៅក្នុងគ្រប់វិស័យ នឹងបម្រើជាប្រយោជន៍ដ៏ល្អមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ៕