(កំពង់ធំ)៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នង ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តនៅភូមិវាលអំពឹល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក វ៉ាន់ ហ៊ីម បានបញ្ជាក់ថា គាត់មានអាយុ៦១ឆ្នាំ ចូលបម្រើជាមន្ត្រីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣ ហើយត្រូវបានក្រសួងមហាផ្ទៃ ដាក់ឲ្យចូលនិវត្តន៍តាមការកំណត់នៅឆ្នាំ២០១៨ ។ គាត់មានភរិយា និងកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ដោយគួបផ្សំនិងប្រាក់បៀវត្សដែលរដ្ឋបានផ្តល់ឲ្យប្រចាំខែ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ផ្ទះឲ្យបានសមរម្យដោយខ្លួនឯងបាន ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២២០ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុង ចំនួន ០២យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងបាន ផ្តល់ថវិកាសម្រាប់ជូនគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។
លោក វ៉ាន់ ហ៊ីម និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕