(កំពង់ធំ)៖ ក្រោយពេលទឹកស្រក ប្រជាកសិករនៅស្រុកតាំងគោក ចាប់ផ្តើមសស្រាកសស្រាំធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់។ ក្រោមការយកចិត្តទុកដាក់ចង់ដឹងពីទុក្ខលំបាក របស់បងប្អូនប្រជាកសិករ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងអាជ្ញាធរឃុំពង្រ បានចុះពិនិត្យស្ថានភាពការបង្ករបង្កើនផលរបស់ប្រជាកសិករ ក្រោយពីទឹកជំនន់បានស្រក។
នៅក្នុងឱកាសនោះ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរឃុំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន ធ្វើការទប់ទឹកដើម្បីប្រើប្រាស់ ជៀវាងកាយទំនប់ឬភ្លឺស្រែដើម្បីចាប់ត្រី ជាហេតុនាំឲ្យទឹកហូរពីស្រែខ្វះទឹកប្រើប្រាស់ ព្រោះរដូវនេះទឹកភ្លៀងមិនសំបូរទៀតទេ។
បន្ថែមពីនេះទៀត លោកអភិបាលក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំធ្វើស្រែប្រដេញទឹក និងស្តារឡើងវិញកំទុកស្រែទំនេរ។ បងប្អូនមានការសប្បាយរីករាយនូវការយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់អាជ្ញាធរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់ពូជស្រូវដើម្បីធ្វើការស្តារឡើងវិញនូវស្រែដែលបានខូចខាត់៕