(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបង្កើតតំបន់ការពារធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ។ ការបង្កើតតំបន់ការពារធម្មជាតិមានសារៈសំខាន់ជាសារវ័ន្តនិងជាសសរកន្លោងសម្រាប់រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាននិងទុកសម្រាប់បម្រើឱ្យមនុស្សគ្រប់ជំនាន់។

ការបញ្ជាក់របស់លោក សាយ សំអាល់ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។

នៅថ្ងៃទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ បានចាប់ផ្តើមដោយការធ្វើបទបង្ហាញរបស់លោក គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិ ទាក់ទងនឹងរបាយការណ៍លទ្ធផលការងារសិក្ខាសាលាការត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។

លោក គឹម ណុង បានលើកឡើងពីសមិទ្ធផលការងារចម្បងៗ ដែលអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ សម្រេចបានរួមមាន៖

ទី១៖ កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ
ទី២៖ កិច្ចការពារ និងអភិរក្សព្រៃឈើសម្រាប់គាំទ្រដល់ការលក់ឥណទានកាបូន
ទី៣៖ ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋតាមតំបន់ការពារធម្មជាតិ
ទី៤៖ ការបណ្តុះបណ្តាលមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស
ទី៥៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ការពារធម្មជាតិ
ទី៦៖ ការរៀបចំចងក្រងឯកសារសម្រាប់ពង្រឹងការអនុវត្ត និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ
ទី៧៖ កិច្ចសហការជាមួយបណ្តាអង្គការដៃគូអភិរក្សជាតិ អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត។

លោកបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវ សម្រាប់កៀរគរធនធាន និងដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តចក្ខុវិស្ស័យលើការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យមាននិរន្តរភាព មានជាអាទិ៍ទី១៖ កំណត់អាទិភាព ពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ, ទី២៖ បង្កើនការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយចីរភាព, ទី៣៖ ពង្រីកការចូលរួមនិងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន និងទី៤៖ ពង្រឹងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការ៕