(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសបើកសម្ពោធឧទ្យានកម្សាន្ត ​Angkor Wildlife and Aquarium ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិក្បូន ឃុំខ្ពស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងឧទ្យានគឺមានអាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ។

លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានឱ្យដឹងថា គម្រោងសាងសង់ឧទ្យានសិប្បនិម្មិតនេះគឺបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។ អាងពិព័រណ៍ត្រីនេះមានទំហំជាង១ម៉ឺនម៉ែត្រគូប ដោយមានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។

លោក Benoit Jancloes បានបន្តថា សួនឧទ្យា Angkor Wildlife and Aquarium ក្នុងដំណាក់កាលទី២ ក៏មានការតាំងពិព័រណ៍សត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ ភេ អណ្ដើកហ្លួង និងក្រពើភ្នំជាដើម។ គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ពួកគេនឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្ករវ៉ាយដ៍ឡាយហ្វ័ និងអឹឃ្វារៀម។

លោក Benoit Jancloes បានបន្តទៀតថា សួនឧទ្យាន Angkor Wildlife and Aquarium នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រួមមាន៖

* បង្កើនរយៈពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលមកលេងខេត្តសៀមរាប
* បង្ហាញពីភាពអស្ចារ្យអំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប
* ជាសួនកម្សាន្តស្ដង់ដាអន្តរជាតិ
* ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើបរិស្ថាន និងការអភិរក្ស
* អភិរក្សសត្វដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ
* ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរតាក់ស៊ី PassApp និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។
* ផ្តល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅឫស្សី ដូង ចេក។ល។

លោកបានបញ្ជាក់ថា Angkor Wildlife and Aquarium គឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណីតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។ សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀត ដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា។

ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាននេះក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារនិងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

បើតាមលោក Benoit Jancloes បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ Angkor Wildlife and Aquarium នឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប១០០ហិកតា។

ជាមួយគ្នានោះ លោក ទៀ សីហា បានលើកឡើងថា នេះជាចំណុចថ្មីមួយរបស់ខេត្តសៀមរាបដែលពីដើមមានតំបន់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិតែនៅតំបន់អង្គរ ឥឡូវនេះនៅក្នុងខេត្តមាន Angkor Wildlife and Aquarium ដែលជាកញ្ចប់គោលដៅទេសចរណ៍ថ្មីដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងលោកស្រីបានដឹកនាំកុមារគថ្លង់និងកុមារកំព្រាជិត២០០នាក់ទៅទស្សនាកម្សាន្តនៅទីនេះផងដែរ នៅភាពអស្ចារ្យ និងការរៀបចំរបស់ក្រុមហ៊ុន ដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ពីប្រភេទត្រីទឹកសាបរបស់ប្រទេកម្ពុជានៅ Angkor Wildlife and Aquarium រហូតបានចាប់ដំណើរការនាពេលនេះ៕