Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះមហាក្សត្រី ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

13-06-2016 17:36

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ដើម្បីក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរថ្លៃថ្លាបំផុត ជាមួយនឹងមនោសញ្ចេតនា និងទឹកចិត្តស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨០ យាងចូល ៨១ព្រះវស្សា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌មានព្រះជន្មាយុយឺនយូរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំម្ចាស់ចងចាំជានិច្ច នូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរដែលបាន បូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម យាងដង្ហែរព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូនីយកិច្ច ជាប្រវត្តិសាស្រ្ត ដ៏គួរឱ្យស្ងប់ស្ញែង ដើម្បី ឯករាជ្យជាតិ បូរណភាពទឹកដី សុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពជាតិក្នុងគ្រប់វិស័យ ហើយដែលនេះ គឺជាព្រះគំរូវីរភាព នៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់ គ្មានអ្វីប្រៀបផ្ទឹមឡើយ»

ក្នុងឱកាសនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានប្រោសប្រទានព្រះរាជទ្រព្យចំនួន ៦ពាន់ដុល្លារអាមេរិក ដែលជាព្រះរាជូបត្ថម្ភត្រីមាសទី៣ និងទី៤ ជូនកាកបាទក្រហមកម្ពុជា៕