(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខកងរាជអាវុធហត្ថចំនួន៤ស្រុក គឺស្រុកសណ្តាន់ ប្រាសាទសំបូរ ប្រាសាទបាល្ល័ង្ក និងស្រុកស្ទោងជាង៦០នាក់ ដែលកំពុងត្រៀមអន្តរាគមន៍ការពារ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ក្នុងភូមិសាស្ត្រស្រុកស្ទោង។
ក្នុងអំឡុងពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី៥ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រៀមធ្វើចរាចរណ៍ពីខេត្តកំពង់ធំ រហូតខេត្តសៀមរាប ឲ្យបានល្អ ប្រសើរ និងសុវត្ថិភាព។ ទាំងនេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ដល់កងកម្លាំងទាំង៣ ដែលតែងតែប្រតិបត្តិការកិច្ចការរបស់ខ្លួនបានល្អប្រសើរកន្លងមកក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីត្រីយ៍ ឈៀង សុខុម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា កងកម្លាំងទាំងនេះរួមមាន៖ ស្រុកប្រាសាទបាល្ល័ង្ក ចំនួន១៣នាក់ ស្រុកប្រាសាទសំបូរ១២នាក់ ស្រុកសណ្តាន់ ២៥នាក់ ស្រុកស្ទោង១០នាក់ និងកងកម្លាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ០៣នាក់។
គួរបញ្ជាក់ថា នៅក្នុងឱកាសនេះ លោកក៏បានឧបត្ថម្ភនូវអង្ករ០៩បេ មី០៩កេស ទឹកត្រី០៩យួរ ទឹកស៊ីអ៉ីវ០៩យួរ ត្រីខ០៩យួរ និងទឹកសុទ្ធ១៣កេសផងដែរ៕