(សៀមរាប)៖ ឧទ្យានអង្គរវ៉ាយដ៏ឡាយហ្វ័ និងអ៊ឹឃ្វារៀម (Angkor Wildlife and Aquarium) បានចាប់បើកដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅហើយ។ អង្គរវ៉ាយដ៏ឡាយហ្វ័ និងអ៊ឺឃ្វារៀម ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន ឃុំខ្ទាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដោយឡែកចំពោះសំបុត្រចូលទស្សនា មនុស្សធំតម្លៃ១០ដុល្លារ និងកូនក្មេង៥ដុល្លារសម្រាប់ភ្ញៀវទេសចរជាតិ រីឯភ្ញៀវទេសចរបរទេសមនុស្សធំតម្លៃ១៨ដុល្លារ និងកូនក្មេង១០ដុល្លារ។
លោក ឡី សុខណេន ដែលជាភ្ញៀវទេសចរមកពីភ្នំពេញ បានលើកឡើងថា លោកមានអារម្មណ៍សប្បាយ និងប្លែកភ្នែក ដោយធ្លាប់តែឃើញនៅក្រៅប្រទេស តែបច្ចុប្បន្ននេះ បានលេចឡើងនៅក្នុងខេត្តសៀមរាប ដែលជាខេត្តប្រវត្តិសាស្រ្តមួយនេះ។ លោកបន្តថា នៅទីនេះ ប្រៀបបានទៅនឹងប្រទេសវៀតណាម និងប្រទេសថៃ ដោយមានត្រីគ្រប់ប្រភេទ និងប្លែកៗ ដែលមិនធ្លាប់បានឃើញពីមុនមក។
ចំណែកអ្នកស្រី ហេង លាងស៊ីម មកពីខេត្តសៀមរាប បានលើកឡើងថា នៅពេលបានមកដល់ទីនេះ អ្នកស្រីមានអារម្មណ៍ថាប្លែកភ្នែកដោយក្នុងខេត្តសៀមរាបមិនមានតាំងឲ្យឃើញនូវត្រីទឹកសាប និងត្រីទឹកប្រៃដ៏កម្រជាច្រើន បន្ទាប់ពីបានមកឃើញធ្វើឱ្យស្គាល់ត្រីជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយនៅទីនេះមានត្រីជាច្រើនប្រភេទ និងមានត្រីតំណាងជាតិ គឺត្រីគល់រាំង ដែលយើងអាចមកទីនេះ មើលវាឱ្យបានច្បាស់ និងស្គាល់វាផងដែរ។
ទន្ទឹមនឹងនេះ យុវតី ហ៊ា ស្រីពេជ្រ ដែលរស់ក្នុងខេត្តសៀមរាប បានលើកថា នាងមានអារម្មណ៍រំភើបដោយសារត្រីខ្លះមិនដែលបានធ្លាប់ឃើញផ្ទាល់ភ្នែក និងត្រីខ្លះដែលនឹងជិតផុតពូជ ព្រមទាំងមានមោទនភាពដែលឧទ្យានអង្គរវ៉ាយដ៏ឡាយហ្វ័ និងអ៊ឹឃ្វារៀម (Angkor Wildlife and Aquarium) លេចឡើងនៅក្នុងទឹកដីខេត្តសៀមរាប។
សូមបញ្ជាក់ថា អាងពិព័រណ៍ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។ ឧទ្យាន Angkor Wildlife and Aquarium ក៏មានតាំងពិព័រណ៍សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំផងដែរ៕