(ក្រចេះ)៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេបញ្ជាការរងកងទ័ពជើងអាកាស សមាជិកគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តក្រចេះ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកព្រែកប្រសព្វ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកប្រសព្វ និងលោកស្រី ឈុន ផាណ្ណា បានផ្តួចផ្តើមដង្ហែអង្គកឋិនទានសាមគ្គី ចូលវត្តបទុមរាជាដីដុះ ស្ថិតនៅឃុំព្រែកប្រសព្វ ដោយប្រមូលបានបច្ច័យចំនួន៤៥លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម។

អង្គកឋិនទាននេះ មានការចូលរួមផ្តួចផ្តើមដោយលោក គង់ វិចិត្រ និងស្រី បូ លីគីន, ឧត្តមសេនីយ៍ទោ សេក ស៉ីរ៉េត និងលោកស្រី សំរិទ្ធ សុម៉ាលី, លោកឧកញ៉ា សុខ ផល្លា និងលោកស្រី សុម៉ាលី, លោកស្រី អ៉ី វាសនា, លោក អ៉ឹង បូរីរតនៈ, លោកស្រី គ្រង់ លីឆេង, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក ប៊ុនធឿន, មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហេង ឈៀងម៉ៃ, មហាឧបាសក ងិន គា, មហាឧបាសក ឈុន ងាម និងមហាឧបាសិកា សឿង ស៉ីវហេង, លោក ឈួន គីទូច, លោកស្រី លី ហ្គិចហ៊ាង, លោកស្រី ឈួន គន្ធា, លោក ញ៉ាត ស៉ីណង់, លោកស្រី ឈួន គីលីលី, លោក សៀង គ្រុយ, លោក សម សារិទ្ធ អភិបាលស្រុកព្រែកប្រសព្វ, លោក នូ ច័ន្ទតារា ប្រធានក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ, លោក សា ប៊ុនរ៉ា រួមជាមួយពុទ្ធបរិស័ទជិត ឆ្ងាយ ចំណុះជើងវត្តជាច្រើន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ថ្លែងទៅកាន់ប្រជាពលរដ្ឋពុទ្ធបរិស័ទនៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ បានបញ្ជាក់ថា «យើងទាំងអស់គ្នាបានជួបជុំគ្នាប្រារព្ធធ្វើពិធីបុណ្យកឋិនទាននៅថ្ងៃនេះ គឺដោយសារមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមរាំរៃទាំងស្រុងនាំមកសុខសន្តិភាពជូនប្រទេសជាតិ ទើបយើងមានឱកាសបានស្តា និងអភិវឌ្ឍន៍ប្រទេសជាតិបានដូចសព្វថ្ងៃនេះ ហើយមានការរីកចម្រើនទាំងផ្នែកវិស័យអាណាចក្រ និងពុទ្ធចក្រ»

ឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ក៏បានប្រកាសថ្កោលទោសចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី ដែលបានញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និងការប្រមាថចំពោះព្រះមហាក្សត្រ នាពេលថ្មីៗនេះ។ លោកបានចាត់ទុកថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទណ្ឌិត សម រង្ស៉ី ជាមេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់។

ឧត្តមសេនីយ៍ឯកបណ្ឌិត ក៏បានផ្តាំផ្ញើរដល់មន្ត្រីអាជ្ញាធរដែនដី ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងការពារ រាជរដ្ឋាភិបាលស្របច្បាប់។ លោកបានបញ្ជាក់ថា សុខសន្តិភាព ប្រៀបបានដូចជាខ្យល់ឧកស៊ីសែន មិនថាមនុស្សជាតិ ឬក៏សត្វនោះទេ គឺត្រូវការចាំបាច់ខ្យល់ឧកស៊ីសែន ដើម្បីដកដង្ហើមទាំងអស់។

សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាបុណ្យប្រពៃណីជាតិ នៃព្រះពុទ្ធសាសនាមួយ ដែលពុទ្ធសាសនិកកម្ពុជា តែងតែប្រារព្ធពិធីធ្វើជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដើម្បីនាំយកបច្ច័យ ទ័យ្យវត្ថុ ស្បង់ចីវរ មកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីចូលរួមកសាងនូវសមិទ្ធផលនានាក្នុងទីអារាម៕