(បាត់ដំបង)៖ លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានស្តីទីនៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ផ្តើមដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នដែលមានសមាជិក ៣២រូប ចុះជួបពិភាក្សាជាមួយរដ្ឋបាលក្រុង ស្រុកគោលដៅចំនួន៧ ក្នុងខេត្តបាត់ដំបង ដើម្បីសិក្សាវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អស់រយៈពេលប្រមាណ ៣ ឆ្នាំមកហើយ។

ក្រុមការងារនេះត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅសរុប ១៦ក្នុងរាជធានីភ្នំពេញ (៣ ខណ្ឌ) បាត់ដំបង (៧ ក្រុង ស្រុក) ក្រចេះ (៣ ក្រុង ស្រុក) និងកំពត (៣ ក្រុង ស្រុក) ត្រូវបានជ្រើសរើសសម្រាប់សិក្សាវាយតម្លៃ។ ការជ្រើសរើសរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅទាំងនេះ ផ្តោតលើលក្ខណវិនិច្ឆ័យ៖

*ទី១៖ រដ្ឋបាលក្រុង ស្រុកក្នុងខេត្តបាត់ដំបង ដែលបាន និងកំពុងអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានប្រគល់ឲ្យ
*ទី២៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបាន និងកំពុងអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្មឲ្យ
*ទី៣៖ រដ្ឋបាលស្រុកដែលស្ថិតក្នុងតំបន់ទីប្រជុំជន និងរដ្ឋបាលស្រុកដែលស្ថិតក្នុងតំបន់ជនបទ។

លោក ចាន់ សុធា បានគូសបញ្ជាក់ថា ការសិក្សាវាយតម្លៃនេះ មានគោលបំណងពិនិត្យលើស្ថានភាព វឌ្ឃនភាព និងបញ្ហាប្រឈម នៃការអនុវត្តមុខងារពាក់ព័ន្ធនិងការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជាមូលដ្ឋានសម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារទាំងនោះបានផង និងធ្វើជាមូលដ្ឋានសម្រាប់ពង្រីកការ ប្រគល់មុខងារ ទាំងនោះទៅអោយដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌដទៃទៀតក្រៅពីរដ្ឋបាលក្រុង ស្រុកក្នុងខេត្តបាត់ដំបងផងដែរ។

ក្នុងខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន៣ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយតម្រូវឲ្យធ្វើសមាហរណកម្មការិយាល័យជំនាញខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានផ្ទេរមុខងារចំនួន ៥៥ មុខងារក្នុងវិស័យចំនួន ២០ ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕