(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជួយឧបត្ថម្ភអាវរងាចំនួន៥,៦៧៣អាវ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយឧបត្ថម្ភនូវអាវរងារចំនួន ៥,៦៧៣អាវ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងតែប្រកៀកស្មារគ្នាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅតាមខ្សែបន្ទាត់ព្រំដែន។

ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ ពិសេសក្នុងរដូវរងារនាពេលខាងមុខ ហើយក៏ជាការលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងការបំពេញបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការពារបូរណភាពទឹកដីផងដែរ។

ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍ និងសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍»៕