(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋនោះ ស្រះទឹកជាច្រើនត្រូវបានស្តារ និងជីកថ្មីទុកស្តុកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ហើយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ស្រះទឹកចំនួនពីរទៀតហើយស្ថិតនៅភូមិត្រពាំងបង្រុះ និងភូមិព្រៃផ្តៅ ក្នុងឃុំព្រៃក្រសាំង ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
លោក ម៉ាន់ សុន ប្រធានក្រុមប្រឹក្សាឃុំព្រៃក្រសាំង បានឲ្យដឹងថា ស្រះទឹកចំនួន០២កន្លែង ដែលដាក់ឲ្យប្រើប្រាស់នាព្រឹកមិញនេះទី០១ ស្ថិតនៅភូមិត្រពាំងបង្រុះ មានទំហំ ៥០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ និងមានជំរៅ ៥ម៉ែត្រ ដោយចំណាយថវិកា ៤.៤១៨ដុល្លារ និងប្រាក់រៀល ជាង១៨លានរៀល និង មួយកន្លែងទៀតស្ថិតនៅភូមិព្រៃធំ មានទំហំ ៦០ម៉ែត្រ គុណនឹង ៣៤ម៉ែត្រ និងមានជំរៅ ០៦ម៉ែត្រកន្លះចំណាយ ថវិកា ៦.១២២ដុល្លារ និងប្រាក់រៀល ២៣លានរៀល ជាអំណោយរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈលោក អ៊ុក កោសា និង លោកស្រី ជៀម ម៉ាលីន ដែលមានការចូលរួមពីប្រជាជន និងក្រុមការងារចុះជួយស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ នេះជាស្រះទឺកទី០៨ ហើយដែលត្រូវបានបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីបានធ្វើការជីកស្តារថ្មីរួចមកនោះ។
គួរបញ្ជាក់ថា ក្នុងស្រុកឧត្តុង្គត្រូវបានក្រុមការងារចុះជួយស្រុកឧត្តុង្គជីកស្តារស្រះទឹកថ្មីមានចំនួន ២៤ស្រះ ក្នុងនោះលោក ហ៊ុន ម៉ានី ប្រធានគណៈពង្រឹងស្រុក ក៏បានជីកស្រះទឹកថ្មីមានចំនួន ០៣កន្លែង។
លោក អ៊ុក កោសា ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និង លោកស្រី ជៀម ម៉ាលីន បានមានប្រសាសន៍ថា សមិទ្ធផលនានា ដែលបានកកើតឡើងនាពេលនេះ គឺបានកើតឡើងដោយកម្លាំងមហាសមគ្គី ពីសប្បុរសជន ក្រុមការងារ និងប្រជាជនទាំងអស់ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
លោក បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេសឆ្ពោះទៅការអភិវឌ្ឍពិតប្រាកដ និង បានដោះស្រាយជាបន្ទាន់ ដែលជាសេចក្តីត្រូវការ និងភាពចាំបាច់ចំពោះមុខរបស់ប្រជាពលរដ្ឋ ជាពិសេសដូចជាបញ្ហាទឹកដែលបងប្អូន ប្រជាពលរដ្ឋបាននិងកំពុងជួបប្រទះការខ្វះខាត នាពេលកន្លងមក។ លោកបានបន្តថា រាជរដ្ឋាភិបាលមានគោលនយោបាយត្រឹមត្រូវ ក្នុងការដឹកនាំ បានធ្វើឲប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូណ៍ និង មានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។
ក្នុងនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស កំពង់ផែ និងវិស័យ វាយនភ័ណ្ឌជាដើម គឺជាអាទិភាពមួយដែល រាជរដ្ឋាភិបាលដែល និងកំពុងយកចិត្តទុកដាក់ ក្នុងការស្តារ និងកសាង ដើម្បីសម្រួលការធ្វើដំណើរប្រកបដោយសុវត្ថិភាព និង ងាយស្រួលដល់ការដឹកជញ្ជូន ដែលជាប្រព័ន្ធសសៃឈាមសេដ្ខកិច្ចជាតិ។
ក្នុងឱកាសនោះ លោក អ៊ុក កោសា និងលោកស្រី ជៀម ម៉ាលីន បាននាំយកអំណោយ វត្ថុអនុស្សាវរីយ៍ទៅចែកជូនដល់ក្រុមប្រឹក្សាភូមិ ឃុំ និងប្រជាពលរដ្ឋចំនួន៥១៥នាក់ផងដែរ។ លោក អ៊ុក កោសា និងក្រុមការងារចុះជួយស្រុកឧត្តុង្គ ក៏បានអញ្ជើញចុះពិនិត្យមើលផងដែរ នូវការស្តារជីកស្រះទឹកចំនួន០១កន្លែងទៀត ស្ថិតនៅភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ដោយចំណាយអស់ទឹកប្រាក់២២លានរៀល ហើយគ្រោងនឹងបើកសម្ភោធដាក់ឲ្យប្រជា ពលរដ្ឋប្រើប្រាស់នាពេលខាងមុខនេះជាបន្តទៀត៕