(ភ្នំពេញ)៖ រថយន្ត១០គ្រឿង ក្នុងនោះមាន រថយន្ត Ford Ranger XLT ចំនួន០៥គ្រឿង និងរថយន្ត IZUZU ចំនួន០៥គ្រឿង ដែលអាវុធហត្ថរាជធានីភ្នំពេញទទួលបាន ពីសប្បុរសជនកន្លងមក ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការកែច្នៃ និងបំពាក់គ្រឿងបន្ថែមដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ។
រថយន្ដទាំងនេះ សម្រាប់អង្គភាពប្រើប្រាស់ជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្នុងនាមជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនខាងលើ ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង១០គ្រឿងប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមបម្រើប្រជាពលរដ្ឋនិងសង្គមជាតិ៕