(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការកាត់ជំនួយរបស់ប្រទេសក្នុងតំបន់អឺរ៉ុប មិនធ្វើឲ្យប៉ះពាល់ដល់ រាជរដ្ឋាភិបាលនោះទេ ហើយអ្នកដែលប៉ះពាល់ និងស្លាប់មុនគេ គឺជាអង្គការក្រៅរដ្ឋាភិបាល។ ការមិនព្រួយបារម្ភចំពោះការកាត់ជំនួយនេះ ដោយសារតែសម្តេចសំអាងទៅលើវត្តមាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងមូលនិធិផ្លូវសូត្រជាដើម។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មខ្លាំងៗ ទៅនិងបណ្តាប្រទេសមួយចំនួន ដែលតែងតែគំរាមកាត់ជំនួយពីប្រទេសកម្ពុជា។ សម្តេចបានពន្យុះឲ្យប្រទេសទាំងនោះ កាត់ជំនួយថែមទៀតផងដែរ។ សម្តេចថា ការកាត់ជំនួយនេះ នឹងមិនប៉ះពាល់ខ្លាំងដល់រាជរដ្ឋាភិបាលនោះទេ អ្នកដែលប៉ះពាល់ និងស្លាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «សូមអ្នកដទៃកុំគំរាមកម្ពុជា អាងអីអាងកាត់ ! ពេលខ្លះខ្ញុំថា កាត់ កាត់ទៅ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល ដែលស៊ីប្រាក់ខែបរទេស។ អ្នកឯងកុំមកពន្យុះខ្ញុំ កុំមកគំរាមខ្ញុំ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួយទាំងនោះភាគច្រើន មិនបានផ្តល់មករាជរដ្ឋាភិបាលនោះទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការមិនព្រួយបារម្ភចំពោះការកាត់ជំនួយនេះ ដោយសារមានសំអាងទៅលើធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារ វិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងមូលនិធិផ្លូវសូត្រ ដែលមានទុនរាប់ពាន់លានដុល្លារសម្រាប់ទ្រទ្រង់ ដល់ប្រទេសក្នុងតំបន់អាស៊ី។
សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះ «បើយើងអាចដកបានទាំង៣ ច្រមុះពីរ និងមាត់មួយ យើងអាចដកដង្ហើមបាន។ អ៉ីចឹងបើមានធនាគារអភិវឌ្ឍន៍អាស៊ីហើយ ថែមធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីមួយទៀត ថែមទាំងគំនិតផ្តួចផ្តើមឈាងម៉ៃ ដែលមានទំហំទឹកប្រាក់ជាង ៤០០ពាន់លានមួយទៀត គឺវាជាសុវត្ថិភាពសម្រាប់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍នៅអាស៊ី»៕