(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានលើកឡើងនូវរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធព្រឹត្តិការណ៍តែងតាំង និងផ្លាស់ប្ដូរនាយករដ្ឋមន្ដ្រីអង់គ្លេស ដែលបានបង្ហាញឲ្យក្រុមអ្នករិះគន់បានភ្លឺភ្នែក ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជា ដែលពួកគាត់ធ្លាប់តែរិះគន់។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ជាង៦ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងសិទ្ធិអំណាចរបស់រដ្ឋសភានៅអង់គ្លេសស្ទើរតែគ្មាន ដែលផ្ទុយពីសិទ្ធិអំណាចរបស់រដ្ឋសភាកម្ពុជា គឺមានគ្រប់គ្រាន់ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការជ្រើសតាំងនាយករដ្ឋមន្ដ្រី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះវាដូចផ្ដល់ឱកាសឲ្យយើងសម្រាប់បំភ្លឺមនុស្សមួយចំនួន។ ឆ្លងកាត់ប្រទេសអង់គ្លេសមួយ នឹងធ្វើឲ្យមនុស្សមួយចំនួនដែលជំនាស់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់យើង បានភ្លឺភ្នែកថា តើរបបសភានៅអង់គ្លេស ក្រោមរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅអង់គ្លេសគេធ្វើយ៉ាងមិច? តួនាទីសភាស្ទើរតែគ្មានសម្រាប់យើងតួនាទីសភា គឺមាន [...] តួនាទីរដ្ឋសភារបស់យើង ខ្លាំងជាងនៅប្រទេសដទៃ រាប់ទាំងប្រទេសអង់គ្លេស ឬម៉ាឡេស៉ី»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងថា លោកស្រី លីស ត្រាស់ នៅពេលឈ្នះការបោះឆ្នោតជាប់ជានាយករដ្ឋមន្ដ្រី មិនចាំបាច់ឆ្លងរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនោះទេ ពោលគ្រាន់តែចូលគាល់ម្ចាស់មហាក្សត្រី អេលីហ្សាប៊ែត ជាការស្រេច។ មួយវិញទៀត លោកស្រី លីស ត្រាស់ តែងតាំងរដ្ឋមន្ដ្រីក៏មិនចាំបាច់ឆ្លងសភានោះដែរ។ ប៉ុន្ដែទោះជាយ៉ាងណា លោកស្រីកាន់តំណែងជានាយករដ្ឋមន្ដ្រី បានត្រឹមប្រមាណ៧សប្ដាហ៍ប៉ុណ្ណោះ បច្ចុប្បន្ននាយករដ្ឋមន្ដ្រីអង់គ្លេស គឺលោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak)។
សម្រាប់កម្ពុជាវិញ បើទោះបីព្រះមហាក្សត្រចាត់តែងនាយករដ្ឋមន្ដ្រី ឲ្យបង្កើនរាជរដ្ឋាភិបាលក៏ដោយ ប៉ុន្ដែត្រូវទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា លុះនៅពេលរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តហើយនោះ ទើបទួលថ្វាយសំណើទៅព្រះមហាក្សត្រ ហើយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលតែម្ដង ដូច្នេះត្រង់ចំណុចនេះហើយបញ្ជាក់ច្បាស់អំពីអំណាចរបស់រដ្ឋសភា។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។
សូមរំលឹកថា ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
យោងតាមមាត្រា១១៩ថ្មី (ពីរ) ដែលជាកម្មវត្ថុ នៃការស្នើធ្វើវិសោធនកម្មនាពេលនេះ ការតែងតាំងនាយករដ្ឋមន្ត្រី និងការតែងតាំងសមាជិកដទៃទៀត នៃគណៈរដ្ឋមន្ត្រី គឺត្រូវឆ្លងរដ្ឋសភាទាំងអស់ និងមិនមានការរំលងអំណាចរបស់រដ្ឋសភាដូចការលើកឡើងនោះឡើយ ព្រោះរដ្ឋសភានៅតែជាស្ថាប័នបង្កើតរាជរដ្ឋាភិបាលដដែល តាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងន័យនេះវក្យខណ្ឌទី៤, ទី៥ ,ទី៦ នៃមាត្រា១១៩ថ្មី (ពីរ) ចែងយ៉ាងច្បាស់ថា វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ ត្រូវធ្វើលើបញ្ជីសមាសភាព នៃគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល៕