(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាទើបការអនុវត្តសិទ្ធក្នុងការបោះឆ្នោត អាចធ្វើទៅបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តន៍នូវសិទ្ធជ្រើសរើសមេដឹកនាំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ បណ្តាបក្សនយោបាយដែលចូលរួមបោះឆ្នោតក្តី ដែលមិនចូលរួមបោះឆ្នោតក្តី ហើយដែលមានសមាជិកសមាជិការបស់ខ្លួន អ្នកគាំទ្រខ្លួន គប្បីត្រូវរុញពួកគាត់ឱ្យទៅចុះឈ្មោះបោះឆ្នោត កុំឱ្យថាខ្ញុំគាំទ្រគណបក្សនេះតែអត់មានឈ្មោះបោះឆ្នោត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ទាក់ទិនននឹងរឿងចុះឈ្មោះនោះបោះឆ្នោតនេះ សម្តេចធ្លាប់បានលើកឡើងកាលពីថ្ងៃទី១០ ខែតុលា ម្តងរួចមកហើយ ដោយបានអំពាវនាវឱ្យបណ្តាគណបក្សនយោបាយជំរុញសមាជិក សមាជិកា អ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
បន្ថែមពីនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ឥលូវនេះខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជាមួយនឹងប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយទៅចុះឈ្មោះបោះឆ្នោត ហើយក្នុង នោះយុវជនដែលទើបដល់អាយុបោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត បើមិនដូចនេះទេគឺការអនុវត្តសិទ្ធមិនអាចធ្វើទៅរួចទេ មានតែអ្នកបានចុះឈ្មោះបោះឆ្នោតត្រឹមត្រូវទើបអាចធានាបានថា យើងមានសិទ្ធបោះឆ្នោតបាន [..] ដូចនេះសូមឱ្យប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»។
សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា ដំណើរការប្រជាធិបតេយ្យមួយត្រូវធ្វើដោយទៀងទាត់សម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោតនាពេលបច្ចុប្បន្ននេះ ក៏មានបច្ចេកទេសកាន់តែទំនើបទៅៗ ដែលនឹងផ្តល់ឪកាសកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងមានតម្លាភាពនៃការបោះឆ្នោត។
សូមជម្រាបដែរថា បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់រយៈពេល ១១ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទទួលបានដូចជា៖
*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៥២,៥៦២នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩១,០១៤នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១០,២០៩នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៧,៣៧១នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ៖
*ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ
*ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សូមចូលទៅកាន់គេហទំព័រ គ.ជ.ប http://www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕