(កណ្តាល)៖ សម្រាប់ព័ត៌មានករណីប្លន់ ប្រដាប់អាវុធមួយ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ដោយក្រុមចោរបានប្លន់ យកលុយប្រមាណ៧ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួននោះ ត្រូវបានស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និងមេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបង្ហាញរបាយការណ៍ថា ជារឿងប្រឌិតសុទ្ធសាធរបស់ម្ចាស់ផ្ទះឈ្មោះ ផន វ៉ាន្នី អាយុ៣៩ឆ្នាំ។
នៅយប់មិញ តាមការសាកសួរព័ត៌មានជាជំហានដំបូងរបស់សមត្ថកិច្ចនោះ ជនរងគ្រោះ ផន វ៉ាន្នី បានរៀបរាប់ថា ក្រុមចោរមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន៣នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបានចូលមកប្លន់យក លុយដុល្លារ70.000$ ខ្សែ-កមាស ច្រវ៉ាក់ឆាបបន្តោងយុទ្ធការ១,៣តម្លឹង ចិញ្ជៀនមាស១តម្លឹង និងចិញ្ជៀនបន្តោងរូបបេះដូង២ជី។ ម្ចាស់ផ្ទះរូបនេះបានបញ្ជាក់ពីករណីនេះទៀតថា នៅវេលាម៉ោង១២៖៣០នាទីឆ្លងចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានចុះពីលើផ្ទះរបស់ខ្លួនមកដី ដើម្បីមើលម្ដាយ និងកូនដែលដេកនៅខាងក្រោមសំយ៉ាបផ្ទះ។ នៅពេលគាត់បើកទ្វារផ្ទះចេញ ស្រាប់តែជនល្មើសត្រៀមចាំនៅខាងក្រៅផ្ទះបាន ដកកាំភ្លើងខ្លីភ្ជង់ ហើយក្រៀកគាត់ ចូលទៅក្នុងផ្ទះវិញ រួចក៏នាំគាត់ចូលទៅក្នុងបន្ទប់ កន្លែងគាត់ដេក និងបាននិយាយថា៖ «មិនចាំបាច់លាក់ទេ លក់ដីបាន ប៉ុន្មានអញដឹងអស់ហើយយកមកឲ្យអញទាំងអស់មក»។ ពេលនោះជនរងគ្រោះ ក៏បានចាក់សោរទូយកលុយឲ្យទៅជនល្មើសទាំងអស់រួមទាំងសម្ភារៈខាងលើ ដែលមាននៅក្នុងកាបូប។ បន្ទាប់ពីយកលុយ និងសម្ភាររួចហើយជនសង្ស័យក៏បានបណ្ដើរជនរងគ្រោះ ទៅចងនៅចំណុចដើមអង្គារដីជិតមាត់បឹងកាហយ ខាងកើតផ្ទះជនរងគ្រោះចំងាយជាង១០០ម៉ែត្រ។ ក្រោយមកឈ្មោះ ឌួង សុកុល ប្រពន្ធជនរងគ្រោះបានភ្ញាក់ឡើង រកប្ដីមិនឃើញ ក៏មានការឆោឡោ និងបាននាំគ្នាដើររកប្ដីហើយ ក៏បានឃើញប្ដីនៅចំណុចកើតហេតុខាងលើ ដោយដៃទាំងពីរត្រូវជនល្មើសចាប់ចងក្រពាត់ទៅក្រោយ និងដើមអង្គាដី ចំណែកមាត់ចង និងក្រម៉ាក្រឡាការ៉ូក្រហម-ស។ ឃើញដូចនេះកូន និងប្រពន្ធជនរងគ្រោះ បាននាំគ្នាស្រាយចំណងរួចនាំជនរងគ្រោះទៅសង្គ្រោះនៅគ្លិនិក ប៉ៃលិន ដោយដាក់សេរ៉ូម មួយប្លោករហូតដល់ម៉ោង៤ ទើបនាំត្រឡប់មកផ្ទះវិញ។
សម្រាប់លោកស្នងការខេត្តកណ្តាល ឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបង្ហាញរបាយការណ៍ថា យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត ការពិនិត្យស្ថានភាពទីកន្លែងកើតហេតុ ស្ថានភាពជនរងគ្រោះ សមាជិកក្រុមគ្រួសារ ការបាត់បង់ទ្រព្យសម្បត្តិសកម្មភាព ភិនភាគរបស់ជនល្មើស និងការបំភ្លឺរបស់សាក្សី បានធ្វើឲ្យសមត្ថកិច្ចយើងអាចធ្វើការសន្និដ្ឋានបានថា «មិនមានអំពើប្លន់ពិតប្រាកដនោះទេ គឺជារឿងប្រឌិត»។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ពីហេតុផលមួយចំនួនរួមមានទី១-ផ្ទះជនរងគ្រោះ មានសមាជិកកំពុងស្នាក់នៅ៩នាក់ តែ៨នាក់ពុំមានអ្នកណាបានដឹងសកម្មភាពប្លន់ ក្រៅពីជនរងគ្រោះម្នាក់ ហើយឆ្កែមិនបានព្រូសទៀតផង។ ទី២-ជនរងគ្រោះមិនអាចបំភ្លឺអំពីភិនភាគ និងសកម្មភាព របស់ជនសង្ស័យបាននោះឡើយ ដោយអះអាងថា មិនបានចងចាំ។ ទី៣- ជនរងគ្រោះ មិនមានរងរបួស ឬបន្សល់ស្លាកស្នាម ខ្សែចងដៃ នៅលើដងខ្លួន និងនៅទីកន្លែងដើមអង្គាដី។ ទី៤-សាក្សីអ្នកជិតខាងជុំវិញ ពុំមានអ្នកណាដឹងអំពីហេតុការណ៍ដែលបានកើតឡើង។ ទី៥-ទូទុកដាក់លុយទុកកូនសោនៅលើខ្នងទូ និងទី៦-ពុំមានអ្នកដឹងថា មានប្អូនយកលុយមកឲ្យទេ ដូច្នេះជាការប្រឌិតរឿងហេតុ ផ្ដើមចេញពីជនរងគ្រោះឈ្មោះ ផន វណ្ណី ថា មានជនល្មើស៣នាក់ និងអាវុធខ្លី១ដើម បានប្រព្រឹត្ត សកម្មភាពអំពើប្លន់ យកទ្រព្យសម្បត្តិ និងលុយកាក់របស់ខ្លួន។ បើតាមលោកស្នងការ ការពិតជារឿងផ្ទៃក្នុង របស់ក្រុមគ្រួសារជនរងគ្រោះ និងការចង់បានលុយចំនួន២ម៉ឺនដុល្លាររបស់ឈ្មោះ សំ អេម ភេទស្រី អាយុ៧៩ឆ្នាំ (ត្រូវជាម្ដាយមីង) ដែលបានយកលុយមកផ្ញើ១យប់ទុក ក្នុងគោលបំណងសម្រាប់បង្វែយកទៅផ្ញើឲ្យបងប្អូននៅស្រុកបារាំង។ ជាមួយគ្នានេះ ប្រពន្ធជនរងគ្រោះឈ្មោះ ឌួង សុកល បានមកយំស្រែកថា សមត្ថកិច្ចឃាត់ខ្លួនប្ដីរបស់ខ្លួន និងបានឲ្យកូនស្រីរបស់ខ្លួនផ្សាយប្រាប់ទៅវិទ្យុABC ដោយលើកឡើងថា សមត្ថកិច្ចបានឃាត់ប្ដីរបស់ខ្លួន មកកាន់អធិការដ្ឋាននគរបាល ស្រុកមុខកំពូល ជាការពិតសមត្ថកិច្ចហៅមកសាកសួរ។ ដោយសម្រាប់មេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ក្រោយពេលកម្លាំងសមត្ថកិច្ច ខេត្ត-ស្រុក បានចុះដល់កន្លែងកើតហេតុ ពិនិត្យ វិភាគកន្លែងកើតហេតុសាកសួរជនរងគ្រោះសាក្សីជុំវិញកន្លែងកើតហេតុឃើញថា ចម្លើយជនរងគ្រោះ ឆ្លើយមិនច្បាស់លាស់ អំពីរឿងហេតុដែលកើតឡើង។ ប្រភពប្រាក់៧ម៉ឺនដុល្លារ មិនច្បាស់លាស់តែក្នុងនេះ មានប្រាក់ម្តាយមីងផ្ញើ ពីរសៀលមុនថ្ងៃកើតហេតុមួយថ្ងៃ ក្រៅពីនោះបានមកពីគួរជេដីលក់ដី(មិនចាំឆ្នាំ និងចំនួន)។
សម្រាប់ចម្លើយប្រពន្ធជនរងគ្រោះ នៅម៉ោងកើតហេតុគាត់ពុំដឹងអ្វីទាំងអស់ ព្រោះដេកលក់ ពេលភ្ញាក់ដឹងខ្លួន មិនឃើញប្តីក៏ស្រែកឆោឡោ ក្រោយមកទើបដឹងថា មានចោរចូលប្លន់ ។ រីឯលោកយាយ ត្រូវជាម្តាយមីងជនរងគ្រោះ គាត់ថា ពេលម៉ោង១១នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ គាត់បានយកលុយចំនួន២ម៉ឺនដុល្លារ យកមកផ្ញើទុកនៅជនរងគ្រោះ និងប្រពន្ធ ហើយក៏សំរាកនៅក្រោមផ្ទះនេះមួយយប់ គាត់មិនដឹងរឿងហេតុអ្វីកើតឡើងទាំងអស់លុះដល់ម៉ោង២នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ទើបឃើញប្រពន្ធជនរងគ្រោះឆោឡោបាត់ប្តី។
លោកមេបញ្ជាការបានបន្តទៀតថា ចម្លើយសាក្សីជុំវិញកន្លែងកើតហេតុបញ្ជាក់ថា កើតហេតុមានសភាពធម្មតា មិនឃើញមានមនុស្សចំឡែក មិនឮសម្លេងឡានម៉ូតូ ឬសម្លេងឆ្កែព្រុសក្នុងភូមិ ដោយសារភូមិនោះមានឆ្កែច្រើន។ យោងតាមការឆ្លើយបំភ្លឺខាងលើ និងតាមការពិនិត្យ វិភាគកន្លែងកើតហេតុពុំមានស្មាមទ្រុឌទ្រោមស្មៅ កន្លែងចងជនរងគ្រោះ ម៉្យាងទៀតជនរងគ្រោះគ្មានស្លាកស្នាម (ចំណងស្នាមកកិត នឹងដើមអង្គាដី) រួមផ្សំជីវភាពរស់នៅជាក់ស្តែងមិនអាចយកប្រាក់ច្រើនយ៉ាងនេះ មកទុកក្នុងទូរដែលមានលក្ខណៈ មិនរឹងមាំ សោរទូទុកចោលលើដំបូលទូ ដូច្នេះយើងអាចសន្និដ្ឋានបានថា ករណីនេះអាចជាករណីប្រឌិត៕