(ព្រះវិហារ)៖ សកម្មភាពឈ្មួញលួចនាំចូលស៉ីម៉ង់តិ៍ ដោយខុសច្បាប់ពីប្រទេសឡាវ នៅតែកើតមានឡើង តាមព្រំដែន ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍ពីមន្ត្រីសមត្ថកិច្ច ប្រចាំការនៅព្រំដែន បានបង្ហើបឱ្យភ្នាក់ងារ Fresh News ដឹងថា នៅយប់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២នេះ ឈ្មួញបានធ្វើសកម្មភាពនាំចូលសុីម៉ង់តិ៍ដោយខុសច្បាប់តាមទូកមកពីប្រទេសឡាវ នៅចំណុចកំពង់ពោធិ ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប រួចលើកដាក់រថយន្តដឹកជញ្ជូនចែកចាយតាមដេប៉ូរលក់គ្រឿងសំណង់នានាក្នុងខេត្តព្រះវិហារ។
សកម្មភាពឈ្មួញលួចនាំចូលសុីម៉ង់តិ៍ដោយខុសច្បាប់ពីប្រទេសឡាវ តាមច្រកកំពង់ស្រឡៅ នៅពេលថ្ងៃ ត្រូវបានគេកត់សម្គាល់ឃើញថាហាក់មានភាពស្ងប់ស្ងាត់មួយរយៈខ្លី ប៉ុន្តែពេលនេះហាក់កក្រើកឡើងវិញ ដោយឈ្មួញលួចនាំចូលសុីម៉ង់តិ៍នៅពេលយប់វិញ៕