(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបសម្តែងការគួរសម ជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសដែលោកបានបញ្ចប់បេសកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
លោក គួច ចំរើន បានស្វាគមន៍ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ជាលើកទី២ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២០ មាននាវាកងទ័ពជើងទឹករបស់អូស្ត្រាលី
ចំនួន១៦គ្រឿង បានបំពេញទស្សនកិច្ច១៤លើក។ តាមរយៈមូលនិធិហ្រ្វេតហូឡូកម្ពុជា បានជួយសាងសង់អគារចក្ខុរោគមួយខ្នងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានទំហំ ៦៣៨ម៉ែត្រការ៉េ ស្មើនឹង ៨បន្ទប់ បំពាក់សម្ភារៈ បរិក្ខារពេទ្យសម្រាប់ដំណើរការពិនិត្យភ្នែក វាស់ភ្នែក វះកាត់ភ្នែក និងកាត់វ៉ែនតា ព្រមទាំងបានផ្តល់ឱសថ។
ដោយមានការគាំទ្រ និងឧបត្ថម្ភដោយអង្គការ UNFPA និងម៉ារីស្តុប លើកកម្ពស់សុខភាពមាតា និងទារក និងបានជួយផ្នែកអប់រំនៅខេត្តព្រះសីហនុផងដែរ ប្រទេសអូស្ត្រាលី បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុងព្រះសីហនុ ជាទីក្រុងឆ្លាតវៃ SMART CITY លើគម្រោងចំណតសាកល្បងចំណតទៅក្រុងឆ្លាតវៃរបស់ក្រុង
ព្រះសីហនុ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងពលករបរទេសខុសច្បាប់មកធ្វើការនៅខេត្តព្រះសីហនុ នៅពេលដែលកម្ពុជាមានសន្តិសុខពេញលេញ មានការអភិវឌ្ឍរីកចម្រើន មានជនបរទេសមកធ្វើការនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ បង្កឱ្យមានការជួញដូរមនុស្សកើតឡើង ដែលពួកឧក្រិដ្ឋជនឆ្លៀតឱកាសចូលមកធ្វើការដោយខុសច្បាប់ ដើម្បីទាញយកផលចំណេញប៉ះពាល់ (ស្តីពីសេរីភាព) ហើយយើងក៏បានបើកយុទ្ធនាការបង្ក្រាបតាមផ្លូវច្បាប់របស់កម្ពុជា និងច្បាប់អន្តោប្រវេសន្តបញ្ជូនជនសង្ស័យចំនួន ៦០នាក់ ផ្តន្ទាទោសតាមផ្លូវច្បាប់ និងបញ្ជូនជនអន្តោប្រវេសន្តជាង ១០០០នាក់ទៅប្រទេសវិញ មាន ១២សញ្ជាតិ។
លោកបន្តថា ទាក់ទងនឹងការបើកឱ្យដំណើរការផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ខេត្តព្រះសីហនុមានភាពអ៊ូអរ ពិសេសមានការកកស្ទះផ្លូវជាប់មាត់សមុទ្រ។ ទស្សនវិស័យការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងហិរញ្ញវត្ថុនាពេលខាងមុខ។
លិមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងអំណរគុណអភិបាលខេត្ត និងសហការី អនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសម និងជំរាបលា ព្រោះលោកត្រូវបញ្ចប់អាណត្តិនៅខែមករា ឆ្នាំ២០២៣ខាងមុខ។ ការកសាងផ្លូវល្បឿនលឿនធ្វើឱ្យការធ្វើដំណើកាត់បន្ថយចំណាយពេលបាន៥០ភាគរយ។ កម្ពុជាបង្កើតព្រឹត្តិការណ៍អនុញ្ញាតិឱ្យនាវាទេសចរណ៍ Wasterdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជនជាតិអូស្ត្រាលីចំនួន ៨១នាក់នៅលើនាវា ហើយលោកអរគុណលោកអភិបាលខេត្តបានជួយសម្របសម្រួលឱ្យជនជាតិអូស្ត្រាលីបានវិលត្រឡប់ទៅប្រទេសដោយសុវត្ថិភាព។
លោកបន្ថែមថា កាលពីឆ្នាំ២០២១ នាវាកងទ័ពជើងទឹកអូស្រ្តាលីចូលចតនាំយកមកនូវឧបករណ៍គ្រប់គ្រងកូវីដជាង ៨០០គីឡូក្រាម ប្រគល់ជូនកងទ័ពជើងទឹករាម ខេត្តបាត់ដំបង ខេត្តសៀមរាម និងរដ្ឋបាលខេត្តព្រះសីហនុ ទន្ទឹមនោះរដ្ឋាភិបាលអូស្ត្រាលី ក៏បានផ្តល់វ៉ាក់សាំងកូវីដជាង ៣លានដូសដល់រដ្ឋាភិបាលកម្ពុជា។ ថ្មីៗនេះ លោកបានពិភាក្សាជាមួយ លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់បើកដំណើរការគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាពដំណាក់កាលពី២ (HEQIP-2)នៅរាជធានីភ្នំពេញ៕