(ពោធិ៍សាត់)៖ សម្រាប់ចុងសប្តាហ៍ទី៤ នៃខែតុលា ពោលគឺចាប់ពីថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៩កន្លែង សរុបមានចំនួន៩,៨៨១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៩,៧៩១នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន៩០នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះថា តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប៩,៨៨១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន៩,៧៩១នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន៩០នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ៩២,៨២% (ទេសចរសប្តាហ៍មុន មានចំនួន១៣៧,៧៣៧នាក់)។

ប្រភពបានបន្តថា សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង ទទួលបានភ្ញៀវ មានចំនួនសរុប៨៥៣នាក់ (ស្រី៤៣០នាក់) បើប្រៀបធៀបនឹងថ្ងៃទី១៧ ភ្ញៀវមានការថយចុះ៧១,១៩% (ថ្ងៃអាទិត្យចុងសប្តាហ៍)។ តួលេខភ្ញៀវទេសចរខាងលើ មានការថយចុះច្រើន ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួន ទើបនឹងបញ្ចប់ការចូលរួមទស្សនាកម្សាន្ត ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ កាលពីសប្តាហ៍មុន។

មន្ទីរនៅតែបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) នៅតាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ ៣ការពារ»៕