(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសថ្ងៃចម្រើនព្រះជន្ម។

តាមរយៈសារលិខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្ដី ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លារបស់ សម្ដេចចៅហ្វាវាំង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចចៅហ្វាវាំង បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍រួម ចំណែកក្នុងការកសាងសង្គមជាតិ សំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជារុងរឿង សម្បូរសប្បាយជាលំដាប់។ ជាពិសេស សម្ដេចចៅហ្វាវាំង បានបំពេញបេសកកម្មក្នុងការចូលរួមការពារសន្តិភាព ឯករាជ្យភាព បូរណភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមទទួលបានការរីកចម្រើនឥតឈប់ឈរ និងបានខិតខំមិនខ្លាចនឿយហត់ការពារ ជាតិ សាសនា ព្រះមហាក្សត្រ លើកស្ទួយកិត្តិយស កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ជាអារ្យប្រទេសរុងរឿងថ្កើងថ្កាន។

ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ បវរសួស្តី សិរីជ័យមង្គលគ្រប់ប្រការជូន សម្តេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយ៉ឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និង
ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចចៅហ្វាវាំង ទទួលនូវការគោរពដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕