(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរលើកំណាត់មហាវិថីសហពន្ធ័រុស្ស៉ី ពិតជាបានឃើញពីសកម្មភាព នៃការជួសជុលគ្រឹះ និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវដ៏សំខាន់មួយនេះ សំខាន់រដ្ឋបាលរាជធានីភ្នំពេញ ជំរុញការងារនេះឲ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានខាងមុខនេះ ពោលគឺឲ្យរួចរាល់ត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នេះជាការបញ្ជាក់របស់ក្រុមជំនាញ ដែលកំពុងដំណើរការចាក់កៅស៊ូ លើបណ្តោយផ្លូវនេះទាំងថ្ងៃទាំងយប់ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ត្រីដដែលបានបញ្ជាក់ថា ជានិច្ចកាលលោក ឃួង ស្រេង តែងបានណែនាំដល់មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យចុះពិនិត្យផ្លូវជាប់ជាប្រចាំដើម្បីបានឃើញពីរការខូចខាតផ្លូវមួយចំនួន ក្រោយទទួលរងការខូចខាតដោយទឹកភ្លៀង គឺត្រូវជួសជុលកែ លំអរឡើងវិញ កុំចាំឲ្យខូចខាតខ្លាំងទើបជួសជុលនោះ។
មន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន បានបន្ថែមទៀតថា កំណាត់មហាវិថីសហព័ន្ធរុស្ស៉ី ដែលត្រូវអ៊ុតកៅស៊ូបេទីមីណឺនេះ មានប្រវែង១១គីឡូម៉ែត្រ និង៦៨ម៉ែត្រ ស្មើនឹង៣៣២,៥៦៨ម៉ែត្រការ៉េ ដោយចាប់ពីស្តុប BKC កែងមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមការងារបានសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលបានធ្វើកំណើរលើកំណាត់មហាវិថីសហព័ន្ធរុស្ស៉ី ក្នុងពេលកំពុងមានសកម្មភាពចាក់អ៊ុតកៅស៊ូផ្លូវ ដែលបណ្តាលឲ្យកកស្ទះចរាចរធ្វើឲ្យមានការរំខានខ្លះៗ ក្នុងការធ្វើដំណើរ។
សកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាំងការកែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកែលំអរសោភណ្ឌ ភាពបរិស្ថាន ដើម្បីលើកកម្ពស់សម្រស់រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រងថែមទៀត ពិសេសឈានឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ នៅរាជធានីភ្នំពេញ ក៏ដូចជាការរៀបចំការប្រកួត កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕