(កំពត)៖ ដើម្បីបណ្តុះសកម្មភាពមនុស្សធម៌ និងរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនោះ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល បានចុះធ្វើសកម្មភាពនៅតាមទីជនបទជាបន្តបន្ទាប់។
នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា កន្លងទៅនេះ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ បានបន្តសកម្មភាពរបស់ខ្លួនចុះទៅឃុំតាកែន ស្រុកឈូក ខេត្តកំពត ដើម្បីផ្តល់សម្ភារៈសិក្សាដល់សិស្ស និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់ប្រជាពលរដ្ឋ។
សកម្មភាពចុះជួយការងារសង្គម ក្រោមប្រធានបទ៖ «ការលើកកម្ពស់បរិស្ថាន និងការអប់រំនៅជនបទ» ត្រូវបានរៀបចំឡើងដោយ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៧២ អង្គ/នាក់ មកពីស្ថាប័នផ្សេងៗគ្នា។
កម្មវិធីមនុស្សធម៌នេះ ដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។
សកម្មភាពមនុស្សធម៌នេះ បាននាំយកសម្ភារៈសិក្សាមួយចំនួនរួមមាន កាតាប សៀវភៅ ប៊ិក ខ្មៅដៃ និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សសរុប ៤៥៣នាក់ មកពីសាលាបឋមសិក្សាចំនួន៣ រួមមាន៖ សាលាបឋមសិក្សាត្រពាំងរុន សាលាបឋមសិក្សាភ្នំទ្រាល និងសាលាបឋមសិក្សាទឹកថ្លា។ ជាមួយគ្នានេះ កម្មសិក្សាការីនៃថ្នាក់នគរភ្នំទាំង ៧២ អង្គ/នាក់ ក៏បានប្រគល់កូនឈើចំនួន ៣០០ដើម ជូនដល់សាលាបឋមសិក្សាទាំង៣ខាងលើ ដើម្បីលើកកម្ពស់បរិស្ថាន។
ក្រៅពីការជួយលើកកម្ពស់បរិស្ថាន និងការអប់រំ កម្មសិក្សាការីនៃថ្នាក់នគរភ្នំ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងថ្នាំពេទ្យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ ដែលរស់នៅមូលដ្ឋាននេះផងដែរ។
លោក អ៊ុន សាវន តំណាង កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ថ្នាក់នគរភ្នំ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា រាល់សកម្មភាព និងទង្វើមនុស្សធម៌ និងការងារសង្គមកន្លងមកតាមរយៈសកម្មភាពការងារសង្គមរបស់សាលាភូមិន្ទរដ្ឋបាល បានបណ្ដុះគំនិតស្មារតីសាមគ្គីភាព ឯកភាពជាតិ ស្រលាញ់ជាតិមាតុភូមិ ស្រលាញ់ប្រជាជន និងការស្រលាញ់ការសិក្សា។
សាលាភូមិន្ទរដ្ឋបាលមិនត្រឹមតែបានបណ្ដុះបណ្ដាលនូវចំណេះដឹងមូលធនបញ្ញា នវានុវត្តន៍ដល់កម្មសិក្សាការីប៉ុណ្ណោះទេ ថ្នាក់ដឹកនាំសាលាបានគិតគូរជួយដល់ ការលំបាករបស់ប្រជាពលរដ្ឋខ្វះខាត និងសិស្សនៅតំបន់ជនបទដាច់ស្រយាលផងដែរ។ សកម្មភាពនេះ ជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅនិងការអភិវឌ្ឍន៍បណ្ដុះបណ្ដាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល។
កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ បានសម្ដែងក្ដីសប្បាយចិត្ត ដែលបានរួមចំណែកធ្វើកិច្ចការសង្គម និងសប្បុរសធម៌ ជួយប្រជាបលរដ្ឋនៅតាមមូលដ្ឋានដែលមានជីវភាពខ្វះខាត ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅជនបទ ជាពិសេសកុមារតូចដែលជាទំពាំងស្នងប្ញស្សីរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនរួចមកហើយ។ ក្នុងនោះ បានចូលរួមការងារសង្គមជាមួយថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាលចំនួន៤លើករួចមកហើយ នៅគីរីរម្យ ខេត្តកំពង់ស្ពឺ នៅខេត្តសៀមរាប និងនៅឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅខេត្តក្រចេះ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល បានផ្ដល់ថវិកាទិញអំពូលសឡា២០ដើម ស្មើនិងថវិកា១,៧០០ដុល្លារ សម្រាប់ដាក់បំភ្លឺផ្លូវនៅតំបន់កាំពី, ប្រគេនទេយ្យទាន ទានវស្សា និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តល្អ, ផ្តល់កាបូប និងសម្ភារៈសិក្សា ជូនសិស្សានុសិស្ស ១៥០នាក់, ឧបត្ថម្ភថវិកា ជូនលោកគ្រូអ្នកគ្រូ ៧នាក់, ឧបត្ថម្ភថវិកា ជូនជនពិការ ៥នាក់, ផ្តល់ថ្នាំពេទ្យ ៥៦០កញ្ចប់ ជូនប្រជាពលរដ្ឋ, ផ្តល់ថ្នាំពេទ្យ ១០០កញ្ចប់ ជូនមណ្ឌលសុខភាពចង្ក្រង់, ប្រគល់កុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រ មួយឈុត ជូនរដ្ឋបាលឃុំចង្ក្រង់, ផ្តល់ ម៉ាស់ និងក្រដាសសើម ចំនួន ១៥០កញ្ចប់ ជូនដល់សិស្សានុសិស្ស, ផ្តល់ជែលលាងដៃ ចំនួន ១៥០ដប ដល់សិស្សានុសិស្ស។
កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ បានប្រគល់ថវិកាជូនសាលាភូមិន្ទរដ្ឋបាលចំនួន ១៥,០០០ដុល្លារ ដើម្បីចូលរួមសាងសង់សាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្ត្របុរី ខេត្តក្រចេះផងដែរ៕