(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ភ្លៀងជន់លិច មិនមែន មាននៅតែទីក្រុងភ្នំពេញទេ ទីក្រុងល្បីៗ នៅលើពិភពលោកមួយចំនួនក៏លិចដែរ ដូចជាទីក្រុង នៅសហរដ្ឋអាមេរិក, បារាំងជាដើម។ សម្តេចបន្តថា សូមឲ្យអ្នករិះគន់ គិតឲ្យបានវែងឆ្ងាយ មុននឹងរិះគន់ ហើយសូមឲ្យលើកចំណុចល្អៗ មកនិយាយផង កុំលើកតែចំណុចអាក្រក់មកនិយាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ យ៉ាងដូច្នេះថា «អាលូវចង់ភ្លៀងប៉ុណ្ណោះក៏ដោយ ទទួលបានទាំងអស់អត់មានបញ្ហាអីទេ យ៉ាងច្រើនលិចទីក្រុង ហ្នឹង អាលូវខ្ញុំនិយាយកន្លែងហ្នឹងតិច ដើម្បីកុំឲ្យមនុស្សមួយចំនួន ឆ្លៀតកេងចំណេញ ខ្ញុំនិយាយពីបញ្ហាទឹកលិចទីក្រុងប៉ុន្មនាថ្ងៃនេះ គ្រាន់តែភ្លៀងភ្លាម គឺ Page Facebook របស់មនុស្សម្នាក់ ដែលកំពុងតែស្ថិត នៅបារាំងបង្ហោះថា ទឹកលិចផ្លូវ ប៉ុន្តែកុំភ្លេចថា ពេលហ្នឹងស្រុកបារាំង កំពុងតែជំនន់ ម៉េចក៏មិនបង្ហោះ ហើយ មកបង្ហោះពីស្រុកខ្មែរ អាលូវយើងមើលតែបុណ្ណឹងដឹងហើយ ហើយថាអាល្អៗ អត់បង្ហោះសោះ ប៉ុន្តែគ្រាន់តែទឹកលិចផ្លូវ១ភ្លេត ២០ ឬ៣០នាទីគាត់បង្ហោះ ភ្លាមតែនៅស្រុកបារាំងគេថា ៣០ឆ្នាំហើយមិនដែលលិចទេ សូម្បីនៅ Eiffel Tower ក៏លិចដែរ តែគាត់អត់បង្ហោះសោះ គាត់មកបង្ហោះអានៅស្រុកយើង។
តែអាលូវខ្ញុំនិយាយចេះ ហេតុអ្វីបានជំនន់? មិនមែនគ្រាន់តែជំនន់ នៅទីក្រុងភ្នំពេញទេ ទឹកវាលិចមិនមែនគ្រាន់តែជំនន់ នៅទីក្រុងភ្នំពេញទេ វាលិចនៅ ប្រទេសបារាំងថ្មីៗនេះ មិនទាន់ស្រកអស់ក៏មិនដឹង មូលហេតុអីបានលិចទឹកនៅបាងកក ហ្សាកាតា ម៉ាតលីឡា ប៉េកាំង សៀងហៃ និងទីក្រុងមួយចំនួន ទៀតរបស់ចិន ហើយមិនមែនមានតែទីក្រុងតែប៉ុណ្ណោះទេ សូម្បីរដ្ឋតិចសាស របស់អាមេរិកក៏លិចដែរ ម៉េចក៏មិនបង្ហោះពីអាមេរិក។ មូលហេតុគឺនៅត្រង់នេះ កុំថាឡើយលូដែលហូរមិនទាន់ សូម្បីតែទន្លេក៏រំដោះមិនទាន់ដែរ អានៅខាងលើរំដោះមិនទាន់ផង អាហ្នឹងវាលិចហើយ»។
សម្តេច ហ៊ុន សែន បន្តទៀតថា បើរិះគន់សូមឲ្យលើកយកចំណុចល្អៗខ្លះមក ហើយបើលើកចំណុចអាក្រក់មកនិយាយ គួរតែមានមូលដ្ឋានច្បាស់លាស់។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នៅលើ Facebook Page ផ្លូវការរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះឲ្យដឹងថា «នៅរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ មានភ្លៀងមួយមេធំធ្លាក់រយៈពេលប្រហែលកន្លះម៉ោង បានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញ លិចលង់ដែលបង្កការ លំបាកដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់មួយចំនួននោះ»៕