(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយ៍រថភ្លើងភ្នំពេញ, ផ្សារមូលបត្រកម្ពុជា (ផមក) បានរៀបចំ ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក។

ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា, លោក សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក, លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

មូលបត្របំណុលរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ មានឈ្មោះថា «សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ រេលវេ» ជាប្រភេទមូលបត្របំណុលមិនមានបុគ្គលធានា ដែលមានទំហំបោះផ្សាយលក់សរុប ៤១ ប៊ីលានរៀល (សមមូលនឹងប្រមាណ ១០ លានដុល្លារអាមេរិក) ជាមួយអត្រាគូប៉ុង ៧.០% ក្នុងមួយឆ្នាំ និងមានឥណប្រតិទានរយៈពេល ១០ ឆ្នាំ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក បានលើកឡើងថា ផ្លូវដែក គឺជាប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកដ៏សំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍, ជំរុញវិស័យទេសចរណ៍ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មលើកទីមួយនេះ មានទំហំប្រមាណ ១០ លានដុល្លារអាមេរិក ហើយការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនាចុងឆ្នាំនេះ មានទំហំប្រមាណ ២០លានដុល្លារ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា តាមរយៈការទិញទូរថភ្លើង, ក្បាលរថភ្លើង និង ឧបករណ៍ថ្មីៗ សម្រាប់បម្រើដល់ការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា។

លោក ហុង សុហួរ បានគូសបញ្ជាក់ថា ដោយរួមបញ្ចូលទាំង «សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ រេលវេ» ផ្សារមូលបត្រកម្ពុជា បានទទួលចុះបញ្ជីក្រុមហ៊ុនចំនួន ១៧ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ៩ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ៨ ហើយផ្សារមូលបត្រកម្ពុជា គ្រោងនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលបន្ថែមយ៉ាងតិចចំនួន ៣ ក្រុមហ៊ុនទៀត នាចុងឆ្នាំ២០២២នេះ។

លោក ហុង សុហួរ បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២២, ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានតម្លៃប្រមាណ ៦០០ ០០០ ដុល្លារ កើនឡើងជិត ២០០% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២១។ ទន្ទឹមនេះ, ចំនួនគណនីជួញដូរសរុបបានកើនដល់ ៣៥ ០០០ គណនីគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២។

លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ជូនអង្គពិធីថា ក្រោមការគាំទ្រ និងការយកចិត្តទុកដាក់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ការដឹកនាំផ្ទាល់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រ និងជំរុញកិច្ចអភិវឌ្ឍវិស័យមូលបត្រនេះ ឱ្យកាន់តែមានភាពរីកចម្រើន ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលការលើកស្ទួយវិស័យមូលបត្រ ជាផ្នែកសំខាន់មួយ ត្រូវបានរាប់បញ្ចូលក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ ២០១១, រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រចំនួន ៣ដង។

នៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ សម្រាប់វិស័យមូលបត្រជាលើកទី ៤ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុនចុះបញ្ជី ដូចជាការកាត់បន្ថយពន្ធលើប្រាក់ចំណូល រហូតដល់ ៥០% សម្រាប់រយៈពេលបីឆ្នាំដំបូង ដោយផ្អែកលើទំហំនៃការបោះផ្សាយ និង ការអនុគ្រោះបំណុលពន្ធផ្សេងៗទៀត។ ទន្ទឹមនេះ, វិនិយោគិនសាធារណៈ ទទួលបានការកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់ និង/ឬ ភាគលាភ និង ទទួលបានការលើកលែងពន្ធលើចំណេញមូលធនផងដែរ។

លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានជំរុញភាគីពាក់ព័ន្ធពីគ្រប់វិស័យ ពិសេសក្រុមហ៊ុនដែលមានសក្តានុពល និង វិនិយោគិន ដើម្បីចូលរួមសហការផ្តល់ការគាំទ្រ រួមចំណែកសកម្ម ធ្វើឱ្យផ្សារមូលបត្រកម្ពុជា កាន់តែមានការអភិវឌ្ឍ និង ជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយជវភាព សំដៅកសាងមហាវិថីហិរញ្ញវត្ថុសម្រាប់កម្ពុជា៕