(ស្ទឹងត្រែង)៖ ក្នុងបេសកកម្មចុះសិក្សាទីតាំងសាងសង់ស្ថានីយអង់តែនទូរសព្ទចល័ត នៅខេត្តស្ទឹងត្រែង រយៈពេល៨ថ្ងៃ ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ បានកំណត់ទីតាំងសាងសង់ស្ថានីយអង់តែនចំនួន៦កន្លែង ដែលជាតំបន់គោលដៅទេសចរណ៍អាទិភាព ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
លើកឡើងនាឱកាសចុះកំណត់ទីតាំងនោះ លោក ញឹក កោសល្យវិទ្យា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារប្រតិបត្តិតំបន់៥ បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង និងមន្ទីរ ក្នុងនោះមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដោយបានសហការជាមួយក្រុមការងារប្រតិបត្តិករទូរសព្ទចល័ត ក្រុមការងារប្រតិបត្តិករសាងសង់បង្គោលអង់តែន រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានឯកភាពគ្នាសម្រេចយកទីតាំង ដែលអាជ្ញាធរមូលដ្ឋានបានចង្អុលបង្ហាញ និងផ្តល់ដីធ្វើជាទីតាំងសាងសង់បង្គោលអង់តែន ដើម្បីធ្វើឱ្យតំបន់ទាំងនោះមានសេវាទូរសព្ទ និងសេវាអ៉ិនធឺណិតមានគុណភាពល្អ និងវិសាលភាពសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន និងជាពិសេសភ្ញៀវទេសចរ។
លោក ញឹក កោសល្យវិទ្យា បានបន្ថែមថា តំបន់ដែលបានកំណត់ដាក់បង្គោលស្ថានីយអង់តែនទូរសព្ទទាំង៦នេះ ជាតំបន់ទេសចរណ៍ និងដាច់ស្រយាល និងស្ថិតនៅកៀកជិតទៅនឹងរមណីយដ្ឋានអេកូទេសចរណ៍ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងបានបង្កើតឡើង ហើយមានភ្ញៀវទេសចរ ទៅកម្សាន្តច្រើននៅនារដូវប្រាំង។
ជាមួយគ្នានោះបើតាមលោក អ៊ន ប៉ោសឿន ប្រធានមន្តីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នេះជាការគិតគូរ និងបានរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្តតបតាមប្រសាសន៍ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩ នៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២កន្លងមកនេះ។
លោកស្រី នេត ចន្ទ័វរិន្ទ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង បានឱ្យដឹងដែរថា ឆ្លើយតបតាមនឹងតម្រូវការចាំបាច់នោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍ ក្នុងនោះខេត្តស្ទឹងត្រែង ក៏ទទួលបានចំនួន ៦កន្លែងផងដែរ សម្រាប់ដំណាក់កាលទី១ ស្ថិតនៅតាមគោលដៅទេសចរណ៍ តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល។
សូមបញ្ជាក់ថា ស្ថានីយអង់តែនទាំង៦នេះ នឹងត្រូវរៀបចំសាងសង់ឡើងនៅទីតាំងទី១៖ រម្មណីយដ្ឋានអាហារដ្ឋានត្មាត ស្ថិតនៅភូមិខិស្វាយឃុំព្រែកមាស ទី២៖ សហគមន៍អេកូទេសចរណ៍អូរចាយ ស្ថិតនៅឃុំសន្តិភាព ក្នុងស្រុកសៀមប៉ាង ទី៣៖ សហគមន៍អេកូទេសចរណ៍កោះហាន ស្ថិតនៅភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ទី៤៖ សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្ថិតនៅភូមិអន្លុងស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទី៥៖ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតនៅឃុំសំអាង និងទី៦៖ រម្មណីយដ្ឋានអាចារ្យភ្លើង ស្ថិតនៅឃុំអន្លង់ជ្រៃស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង៕