(ភ្នំពេញ)៖ ដើម្បីផ្តល់ទំនុកចិត្ត និងបង្កើនភាពស្និតស្នាលជាមួយគ្នា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលខណ្ឌ បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក ធឹម សំអាន បានក្រើនរំលឹកទៅដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ អោយក្លាយខ្លួនជាសិស្សពូកែ និងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោក ធឹម សំអាន បានអំពាវនាវដល់ក្មួយៗ ត្រូវរស់នៅស្អាត ហូបស្អាត ពោលគឺចេះធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ រៀងរាល់មុនពេលញាំអាហារ ដើម្បីការពារបានការឆ្លងមេរោគ និងការពារបាននូវជំងឺកូវីដ១៩ថែមទៀតផង។
អំណោយដែលអភិបាលខណ្ឌ ធឹម សំអាន យកមកចែកជូនក្មួយៗសិស្សានុសិស្ស ចំនួន៨៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប និងថវិកាចំនួន ១០.០០០រៀល។ លោកគ្រូ-អ្នកគ្រូ ១០នាក់ ម្នាក់ទទួលបានថវិកា ២០.០០០រៀល និងលោកនាយកសាលា ថវិកា ចំនួន ១០០.០០០រៀល៕