(ភ្នំពេញ)៖ អភិបាលខណ្ឌ៧មករា លោក ថេង សុថុល បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់មនោរម្យត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនទទួលម៉ៅការ ក្នុងការអនុវត្តគម្រោង និងត្រូវហ៊ានសរសេរនូវរាល់ចំណុចខ្វះខាត អសកម្មទាំងឡាយណា របស់ក្រុមហ៊ុនទទួលម៉ៅការ ដែលមិនអនុវត្តតាមកិច្ចសន្យា នៅក្នុងសៀវភៅតាមដានការដ្ឋាន។

លោក ថេង សុថុល បានណែនាំនេះ ក្នុងពិធីបើកការដ្ឋានរបស់សង្កាត់មនោរម្យ ដែលជាគម្រោង ប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់មនោរម្យព្រឹកថ្ងៃទី៣១ ខែតុលានេះ។

ជាមួយគ្នានេះ អភិបាលខណ្ឌ៧មករា បានជំរុញឲ្យក្រុមហ៊ុនដែលទទួលបានគម្រោងស្ថាបនាត្រូវខិតខំរក្សា ឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។ លោក ថេង សុថុល បានសំណូមពរឲ្យប្រជាពលរដ្ឋ ក៏ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលការផងដែរ ពីព្រោះប្រជាពលរដ្ឋគឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៏ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់។

លោកអភិបាលខណ្ឌ៧មករា ក៏បានជំរុញឲ្យមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ក៏មានតួនាទីសំខាន់ផងដែរ ក្នុងការពិនិត្យលើលក្ខណៈ បច្ចេកទេស ដូច្នេះបើពិនិត្យឃើញការអនុវត្តន៍ខុសពីបទដ្ឋានបច្ចេកទេស ត្រូវឱ្យក្រុមហ៊ុនកែសម្រួលជាបន្ទាន់។

លោក ថេង សុថុល បានសំដែងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបន្តបេសកកម្ម ធ្វើឱ្យកម្ពុជាអាច រំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេសគឺការសម្រេចបាននូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាព ដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោង ជាអាទិភាពគឺ៖ ការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

បើតាមរបាយការណ៍របស់លោកស្រី ស៊ូ គឹមឡេង ចៅសង្កាត់មនោរម្យ ឲ្យដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់មនោរម្យបានលើកគម្រោងមានដូចខាងក្រោម៖

*ទី១៖ ដាក់លូដោះទឹក ទំហំ០.៦ម៉ែត្រ ប្រវែង ១៧៦ ម៉ែត្រ ក្នុងភូមិ ៨,៩។
*ទី២៖ ស្តារប្រព័ន្ធលូ ទំហំ ០.៦ម៉ែត្រ ប្រវែង ៤,២៨៧ ម៉ែត្រ លើកកំណាត់ផ្លូវលេខ១០៩, ១០៧, ១៣៤, ១៤០, ១២៨, ១១៨, ៩៣ ក្នុងភូមិ ១,២៣,៤,៥,៦៧,៨៩ ដែលចំណាយថវិកាសរុប ចំនួន ១៤៩,៩៦៨,៣០០ រៀល៕