(ភ្នំពេញ)៖ ក្រោយទុកពេល៣០ថ្ងៃ ឱ្យធ្វើការកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្ម ដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន តែមិនសូវមានអ្នកអនុវត្តន៍តាម អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានចេញសេចក្តីប្រកាសទុករយៈពេល ៣ថ្ងៃបន្ថែមទៀតដល់បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួល សិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការកែតម្រូវ បើមិនដូចនេះទេមន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងដូចនេះថា កន្លងមកនេះ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការ នៃ គ.ជ.ក.ប. បានចេញសេចក្តីប្រកាសព័ត៌មាន ដោយទុក រយៈពេល ៣០ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) ដើម្បីកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្ម ដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។
បន្ទាប់មកនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ.ជ.ក.ប. ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ គ.ជ.ក.ប. នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ រហូតមកដល់ពេលនេះ គ.ជ.ក.ប. តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការបានសង្កេតឃើញថា បុគ្គលផ្សាយ ពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិ ឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មមួយចំនួននៅតែមិនទាន់អនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋាន ក.ប.ប. និងស្មារតីនៃកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅឡើយ ។
បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៅតែបន្តសកម្មភាពល្មើសផ្សព្វផ្សាយ ពាណិជ្ជកម្ម របស់ខ្លួនតាមគ្រប់ប្រភេទ ទម្រង់ និងគ្រប់មធ្យោបាយមានលក្ខណៈភូតកុហក បំភាន់ការពិត អាចធ្វើឱ្យអ្នកប្រើប្រាស់ មានការយល់ច្រឡំអំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ប្រកបដោយសុចរិត និងកាត់បន្ថយប្រសិទ្ធភាព សេដ្ឋកិច្ច ដែលត្រូវបានហាមឃាត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
ដើម្បីទប់ស្កាត់នូវសកម្មភាពប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំង លើកទឹក ចិត្ត ដល់ ការធ្វើ ធុរកិច្ចប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែងប្រកបដោយសមធម៌ និងធានាការពារផលប្រយោជន៍ អ្នកប្រើប្រាស់ គ.ជ.ក.ប. សូមក្រើនរំលឹកដល់លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។
ឈរលើមូលដ្ឋាននេះ គ.ជ.ក.ប. ស្នើឱ្យលោក លោកស្រី ដែលជាបុគ្គល ផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួល សិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្តល់ឯកសារពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ផ្តល់រង្វាន់ និងកែតម្រូវសកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិ ក្នុងរយៈពេល ៣ (បី) ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ ។
ក្នុងករណីរកឃើញថា បុគ្គលណាមួយនៅតែប្រព្រឹត្តល្មើស ហើយមិនបានអនុវត្តតាមការណែនាំខាងលើ គ.ជ.ក.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖