(ភ្នំពេញ)៖ កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងចាប់បជំរិតតាមប្រព័ន្ធ Internet ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយធ្វើការឃាត់ខ្លួន ជនជាតិចិន២៧នាក់ ក្នុងនោះស្រី៦នាក់ ព្រមទាំងការដកហូតបានឧបករណ៍ និងសម្ភារមួយចំនួនទៀត។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីវណ្ណា អគ្គរងនៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២៧ ស្រីចំនួន៦នាក់ នៅផ្ទះលេខ4 ផ្លូវ1992 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទ ឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា internet (VOIP)។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយការចាប់ខ្លួនរួចមក កម្លាំងនគរបាល បានបន្តចុះឆែកឆេរលំនៅឋានលេខ៥២អា ផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ នៅពេលនេះជនជាតិចិនត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕