(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានស្វាគមន៍ ចំពោះច្បាប់ស្ដីពីសហជីព ក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុម័ត រួចរាល់ដោយរដ្ឋសភាជាតិ នាពេលកន្លងទៅ។
តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងការងារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ស្តីអំពីលទ្ធផលនៃទស្សនកិច្ច៦ថ្ងៃ របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា «អង្គការ ILO បានអបអរសាទរ និងស្វាគមន៍ចំពោះការអនុម័ត ច្បាប់ស្ដីពីសហជីពនៅកម្ពុជា ហើយរំពឹងថាច្បាប់នេះ នឹងជួយពង្រឹងនីតិរដ្ឋនៅកម្ពុជា ដោយស្មើមុខគ្នានិងគ្មានការរើសអើងនិងជួយធ្វើឱ្យ កាន់តែល្អប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ហើយអង្គការ ILO បានត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់ដៃគូ សន្ទនាសង្គមនានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ ច្បាប់ស្ដីពីសហជីព និងសិទ្ធិសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ»។
សូមរំលឹកថា កាលពីថ្ងៃទី០៤ ខែមេសា រដ្ឋសភានៃកម្ពុជា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពទាំងមូល ដោយទទួលបាន សំឡេងគាំទ្រភាគច្រើនដាច់ខាត។
អំឡុងពេលអនុម័តច្បាប់នេះ មានបណ្ដាសហជីព និងអង្គការក្រៅរដ្ឋាភិបាលជាង២០ស្ថាប័ន បានរួមគ្នាតវ៉ា នៅមុខរដ្ឋសភាដើម្បីទាមទារ ឲ្យរដ្ឋសភាដករបៀបវារៈ ស្ដីពីសេចក្ដីព្រាងច្បាប់សហជីពនេះ ចេញពីក្នុងអង្គប្រជុំ ដោយពួកគេអះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីសហជីព នៅមានចំណុចខ្វះច្រើន ដែលមិនអាចឲ្យពួកគេទទួលយកបាន។ ប៉ុន្តែទោះជាយ៉ាងណា ការតវ៉ានេះ មិនបានរារាំងបានសម្រេចទៅលើ ការអនុម័តច្បាប់សហជីពឡើយ៕