(ភ្នំពេញ)៖ អមជាមួយកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ រៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលក្នុងនោះមានវេទិកាចំនួន៤ ដែលរួមបញ្ចូលទាំងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ (អគារ B)។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
តាមរយៈកិច្ចសហការរៀបចំ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង CamTech Summit ដែលគាំទ្រ ដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគម សហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា, វេទិកានេះ នឹងជាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុ លើកដំបូងនៅកម្ពុជា ហើយក៏ត្រូវបានធ្វើបញ្ចូលគ្នាជាមួយនឹងព្រឹត្តិការណ៍ CamTech Summit ប្រចាំឆ្នាំផងដែរ។
វេទិកានេះ មានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដោយកៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធ មកជួបជុំគ្នា យល់ដឹងបន្ថែម និងកាន់តែច្បាស់ពីនិន្នាការនិងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះ ព្រមទាំងសម្របនិងត្រៀមខ្លួនសំម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
ជាមួយគ្នានេះ គោលបំណងសំខាន់មួយទៀតរបស់វេទិកានេះ គឺ ការបន្តប្រមូលធាតុចូលល្អៗ និងជាក់លាក់បន្ថែម ក្នុងដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈមុតស្រួច និងងាយបត់បែន។
វេទិកានេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម និងស្ថាប័នពាក់ព័ន្ធដទៃ ក្នុងវិស័យឯកជន។
ក្នុងដំណើរការវេទិកានេះ វាគ្មិនកិត្តិយសជាតិនិងអន្តរជាតិ នៃបណ្តានិយ័តករគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងសមាគមជាច្រើននឹងធ្វើបទបង្ហាញ ក៏ដូចជាជជែកពិភាក្សា គា្នស៊ីជម្រៅ លើប្រធានបទមួយចំនួន ដែលទាក់ទងនឹងធនាគារឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធានារ៉ាប់រង សន្តិសុខសាយប័រ ក្នុង Open Finance និងការដាក់ឲ្យដំណើរការនៃថ្នាល Cambodia Distributed Ledger ជាដើម៕