(ភ្នំពេញ)៖ មន្ត្រីកងទ័ពជើងអាកាសចំនួន ១៣រូប បានដល់អាយុចូលនិវត្តន៍។ ជាមួយការដាក់ឱ្យចូលនិវត្តន៍កងទ័ពជើងអាកាសទាំង១៣រូបនេះ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានរៀបចំកម្មវិធីសំណេះសំណាល និងបំពាក់មេដាយកិត្តិយសជូន ដើម្បីជាកិច្ចតបស្នងចំពោះគុណបំណាច់ ដែលពួកគេបានបំពេញជូនជាតិ។
ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅមូលដ្ឋានកងទ័ពជើងអាកាសក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សឹង សំណាង។ កម្មវិធីនេះ ក៏មានវត្តមានរបស់មេបញ្ជាការរង ស្នងការ ស្នងការរង មេបញ្ជាការមូលដ្ឋានទ័ពអាកាស នាយទាហានចំណុះបញ្ជាការដ្ឋានកងទ័ពជើងអាកាសចំនួន ២២៥នាក់ រួមនិងយោធិនចូលនិវត្តន៍ចំនួន ១៣នាក់។
យោធិនចូលនិវត្តន៍នេះរួមមាន ថ្នាក់ឧត្តមសេនីយ៍ទោចំនួន ២នាក់ ឧត្តមសេនីយ៍ត្រី ៣នាក់ វរសេនីយ៍ឯក ២នាក់ វរសេនីយ៍ទោ ៤នាក់ វរសេនីយ៍ត្រី ១នាក់ និងអនុសេនីយ៍ឯក ១នាក់។
នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានលើកបញ្ជាក់ពីច្បាប់ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិនទាំងពីរប្រភេទ នៃកងយោធពលខេមរភូមិន្ទ ។
នាយឧត្តមសេនីយ៍ សឹង សំណាង បន្តថា បើទោះបីមន្ត្រីយោធាមានអាយុត្រូវចូលនិវត្តន៍យ៉ាងណាក្តី តែកងយោធពលខេមរភូមិន្ទ នៅតែរក្សាគ្រប់គ្រងកម្លាំងយោធិនសំខាន់ៗ ដែលមានធនធានជាយោធាចារ្យ សម្រាប់ចែករំលែកបទពិសោធន៍ល្អៗ ជូននាយទាហានបន្តវេនស្របតាមគោលនយោបាយរាជរដ្ឋាភិបាល រក្សាចាស់ បង្កើតថ្មី ជាគោលនយោបាយប្រកបដោយប្រសិទ្ធភាព។
លោកមេបញ្ជាការកងទ័ពជើងអាកាស ក៏មិនភ្លេចរំលឹកពីគុណតម្លៃ និងគុណបំណាច់របស់យោធិនចូលនិវត្តន៍ ដែលបានចូលរួមចំណែកផ្តួលរំលំ និងការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ ជាពិសេសចូលរួមបញ្ចប់សង្គ្រាមស៊ីវិល និងការអនុវត្តគោលនយោបាយឈ្នះ- ឈ្នះ ប្រកបដោយជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តល់អនុសាសន៍ក្រើនរំលឹកជូនយោធិនចូលនិវត្តន៍ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំកម្ពុជាប្រកបដោយគតិបណ្ឌិតក្នុងការរកសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ម៉្យាងទៀតត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី និងយកចិត្តទុកដាក់ថែទាំសុខភាព ការពារកុំឱ្យឆ្លងជំងឺរាតត្បាតផ្សេងៗ និងរួសរាន់ទៅបំពេញសំណុំលិខិតទទួលបានប្រាក់សាធន៍និវត្តន៍។
នៅចុងកម្មវិធីនាយឧត្តមសេនីយ៍ សឹង សំណាង បានអញ្ជើញឡើងបំពាក់ឋានន្តរសក្តិ៍ជូនយោធិនចូលនិវត្តន៍ទាំង ១៣ រូបក្រោមបរិយាកាសរីករាយ៕