(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យធនធានមនុស្ស និងអភិវឌ្ឍអាជីពគណនេយ្យ នៅកម្ពុជាក្រុមហ៊ុន អេសផ្លាស ខនសាល់ធីង (Aplus consulting Co.,Ltd)បានសហការជាមួយក្រុមហ៊ុន BSE Accountiong Co.,Ltd ក្រោមការសហការគាំទ្រដោយ ACCA Cambodia) Cambodia Beverage Company-CoCa-Cola និងក្រុមហ៊ុន KOI Cafe បានរៀបចំសិក្ខាសាលា មួយពិភាក្សាលើប្រធាបទ «មគ្គុទេសន៍ជោគជ័យ ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ» ដែលមានការចូលរួមពីបុគ្គលមកពីស្ថានប័នផ្សេងៗជាច្រើនទៀត ប្រមាណជាង៥០០នាក់ នៅមជ្ឈមណ្ឌល សហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC)។
លោក សរ គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus consulting Co.,Ltd បានលើកឡើងពីគោលបំណង នៃកម្មវិធីនេះថា ការបើកសិក្ខាសាលាដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ជាផ្នែកមួយដ៏សារៈប្រយោជន៍ខ្លាំងណាស់ ហើយថែមទាំងដើម្បីចូលរួម លើកកម្ពស់វិស័យធនធានមនុស្សនៅកម្ពុជា ដោយផ្សារភ្ជាប់ពីអ្នកផលិត និង ផ្គង់ផ្គត់ធនធានមនុស្ស តាមរយៈកម្មវិធីនានា ដូចជាសិក្ខាសាលាចែករំលែកបទពិសោធន៍ ការយល់ដឹងមួយដែលគន្លឹះសំខាន់ៗ ក្នុងការឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់ នៃតម្រូវការទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។
លោកបន្ដថា «ពិសេសសិក្ខាសាលានេះ នឹងលើកយកមកជជែកពិភាក្សា នូវសារៈសំខាន់ជាច្រើនដូចជា មគ្គុទេសន៍ជោគជ័យ ក្នុងការក្លាយខ្លួន ជាប្រធានផ្នែកគណនេយ្យ, គុណវឌ្ឍន៍ និងលក្ខណៈសម្បត្ដិ ដើម្បីទទួលបានភាពជោគជ័យ ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ, ក្រមសីលធម៌របស់អ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំង តើគណនេយ្យករ អាចបំពេញតួនាទីនិងធ្វើអ្វីខ្លះ ទៀត ក្នុងការជួយឲ្យអាជីវកម្មរីកចម្រើន ក្រៅពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ជួបជាមួយនឹងវាគ្មិនជំនាញៗ និងមានបទពិសោធ ជាច្រើនឆ្នាំក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ»។
លោក តឹក វសនា នាយក ACCA Cambodia បានលើកឡើងថា គណនេយ្យករប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពខ្ពស់ មិនត្រឹមតែតួនាទី ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យយើងបានដឹងអំពីការចំណេញ ឬខាត និងស្ថានភាពហិរញ្ញវត្ថុ នៃក្រុមហ៊ុនប៉ុណ្ណោះទេ តែគណនេយ្យករ គឺជាដៃគូយុទ្ធសាស្ដ្ររបស់អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មថែមទៀតផង គឺពួកគាត់អាចផ្ដល់ប្រឹក្សា លើការវិនិយោគ និងធ្វើការពិភាក្សាទៅលើសក្ដានុពល ការរីកចម្រើន និងការគ្រប់គ្រងទៅលើទៅលើការ ចំណូលចំណាយ ប្រកបដោយប្រសិទ្ធិភាព។
ទន្ទឹមនឹងនោះ លោក សាន វុទ្ធី ប្រធានគ្រប់គ្រង ទូទៅនៃក្រុមហ៊ុន BSE Accountiong Co.,Ltd ក៏បានបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីក្លាយខ្លួន ជាប្រធានផ្នែកគណនេយ្យដ៏ជំនាញ និងការត្រៀមខ្លួនក្នុងការទទួលយកនូវ តួនាទីដ៏សំខាន់ ក្នុងអាជីពគណនេយ្យ ដែលជាក្លាយខ្លួនជាសមាជិក នៃស្ថាប័នជំនាញជាលក្ខណៈអន្ដរជាតិ ដែលទាំងនេះ ជាការវាយតម្លៃសមត្ថភាព និងគុណភាពកូនខ្មែរយើង ក្នុងតំបន់ ក៏ដូចពិភពលោកផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលាមគ្គុទេសន៍ជោគជ័យ ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុនេះនឹងក្លាយជាផ្នែកមួយយ៉ាង មានអត្ថប្រយោជន៍ សម្រាប់ជួយបន្ថែមភាពច្បាស់លាស់បន្ថែមលើបទពិសោធន៍កន្លងមកទៀត ដើម្បីក្លាយជាធនធានមនុស្សសំខាន់របស់កម្ពុជា និងសកលលោក៕