(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (CSX) មានក្រុមហ៊ុនចុះបញ្ជីចំនួន១៧ ក្នុងនោះក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៨ ចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ នេះបើយោងតាមការអះអាងរបស់ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២។
បន្ថែមពីនោះទៀត ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ក៏បានកើនឡើងជាបន្តបន្ទាប់ ដោយសារក្រុមហ៊ុនទទួលបាននូវប្រភពទុន ដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែង ហើយថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល បង្កើនកិត្តិនាមរបស់ខ្លួននៅទីផ្សារជាតិ និងអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ពីដៃគូអាជីវកម្មសក្កានុពល និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន វិនិយោគិន និងសាធារណជនទូទៅទៀតផង។
លោក ហុង សុហួរ បានគូសបញ្ជាក់ថា ការណ៍នេះបង្ហាញពីសញ្ញាណវិជ្ជមាននៃវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងក្នុងត្រីមាសទី៤ ឆ្នាំ២០២២ យើងនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលបន្ថែមយ៉ាងតិចចំនួន ៣ក្រុមហ៊ុនទៀត។ ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើនរួមមាន គម្រប់ខួប១០ឆ្នាំរបស់ផ្សារមូលបត្រកម្ពុជា ដែលយើងបានដាក់សម្ពោធ នូវកម្មវិធីជួញដូរលើទូរសព្ទដៃដែលមានឈ្មោះថា CSX Trade និងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” ឆ្នាំ២០២២ ដែលយើងបានដាក់សម្ពោធនូវការបង្កើតគណនីជួញដូរតាមរយៈអនឡាញ។
ជាមួយគ្នានេះដែរ ក៏សម្រេចបាននូវលទ្ធផលក្នុងត្រីមាសទីបីនៃឆ្នាំ២០២២ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានចំនួន ២៦៦.២៨៩ហ៊ុន ក្នុងមួយថ្ងៃ កើនជាប់ត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ១៥៤.៥៣២ភាគហ៊ុន ស្មើនឹង ១៣៨%។ ឯទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានចំនួន ៦៥៦.០៥១ ដុល្លារ កើនជាងត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ៤៣៥.១០០ ដុល្លារ ស្មើនឹង ១៩៧%។ លើសពីនេះទៅទៀត ចំនួនគណនីជួញដូរបានកើនដល់ទៅ ៣៥.០០០គណនី គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២២។
លោក ហុង សុហួរ បានកោតសរសើរនូវការចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ដែលបានចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាកន្លងមក និងសង្ឃឹមផងដែរថា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង អាចនឹងនាំយកនូវក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀត ធ្វើការកៀរគរទុនតាមរយៈទីផ្សារមូលបត្រ ដោយធ្វើការបោះផ្សាយ និងចុះបញ្ជីជាមូលបត្រកម្មសិទ្ធិ ឬក៏ជាមូលបត្របំណុល។
លោកក៏បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មនានា ពិចារណាអំពីលទ្ធភាពក្នុងការបោះផ្សាយលក់ភាគហ៊ុន ដែលមិនត្រឹមតែផ្តល់ទុនដល់ក្រុមហ៊ុនទេ តែអាចបង្កើតតម្លៃអាជីវកម្ម និងភាពទាក់ទាញនៃអាជីវកម្មនៅក្នុងចំណោមអ្នកវិនិយោគផងដែរ៕