(ភ្នំពេញ)៖ លោក ង៉ែត ឡី អនុប្រធានគណបក្សភ្លើងទៀនសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ។

ជាមួយគ្នានេះ មេដឹកនាំសកម្មជនបក្សប្រឆាំងនៅមូលដ្ឋានរូបនេះ ក៏បានប្រកាសចាកចេញពីបក្សរបស់ខ្លួន ដោយសារមានការបារម្ភថា ខ្លាចគណបក្សភ្លើងទៀន មានការពាក់ព័ន្ធនឹងជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក ង៉ែត ឡី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបាទមិនពេញចិត្តនឹងទង្វើរបស់លោកសម រង្ស៉ី នេះទេ ដែលធ្វើឱ្យខ្ញុំអស់ជំនឿនឹងបុគ្គលនេះ ដោយបុគ្គលនេះមិនដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ព្រមទាំងរូបខ្ញុំបាទទៀតផង ហេតុដូច្នេះខ្ញុំបាទសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សភ្លើងទៀតនេះ ព្រោះខ្ញុំបាទខ្លាចគណបក្សនេះពាក់ព័ន្ធជាមួយនឹង ទណ្ឌិតសម រង្ស៉ី»

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្កាដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ» និងចោទថា «អត់មានមនសិការជាតិ»។

ការប្រមាថយ៉ាងធ្ងន់ធ្ងរ និងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ បានធ្វើឱ្យថ្នាក់ដឹកនាំ ស្ថាប័នជាតិ អ្នកនយោបាយ និងប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង និងចេញមុខថ្កោលទោសជាបន្តបន្ទាប់៕

ខាងក្រោមនេះជាវីដេអូរបស់ អនុប្រធានបក្សភ្លើងទៀនសង្កាត់កោះដាច់ ប្រកាសថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី៖