(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនមន្ត្រីរាជការជាន់ខ្ពស់ក្រោមឱវាទរបស់ខ្លួនសរុប៩២នាក់ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានរហូតដល់ថ្នាក់អគ្គនាយក ចូលរួមវគ្គបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល ដោយផ្ដោតលើរដ្ឋបាលទូទៅ កំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់នានា និងមុខវិជ្ជាចាំបាច់ផ្សេងទៀត ដែលជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អ និងជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋស៊ីជម្រៅ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល (តំណាងលោក ព្រុំ សុខា) និងលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (តំណាងលោក ហង់ ជួនណារ៉ុន) នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។

តាមរបាយការណ៍របស់លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានគណៈកម្មាការបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងអប់រំ បានឱ្យដឹងថា
វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីជាន់ខ្ពស់ក្រោមឱវាទក្រសួងអប់រំជំនាន់ទី១នេះមានសិក្ខាកាមសរុបចំនួន៩២រូប (ស្រី១៥នាក់) ក្នុងនោះរួមមានថ្នាក់អគ្គនាយក អគ្គនាយករង អគ្គាធិការរង សាកលវិទ្យាធិការរង នាយករងវិទ្យាស្ថាន ប្រធាន-អនុប្រធាននាយកដ្ឋាន ខណៈសិក្ខាកាមត្រូវបានបែងចែកជា២ក្រុម។

ក្រុមទី១ចាប់ពីថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានឡើងចំនួន៣៥នាក់ ដែលសិក្សាលើមុខវិជ្ជា៖ ១-កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ២-ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍, ៣-ទំនាក់ទំនងសាធារណៈ, ៤-ប្រព័ន្ធនយោបាយ និងរដ្ឋបាលកម្ពុជា, ៥-ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ៦-ថវិកាតាមកម្មវិធី និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, ៧-ការគ្រប់គ្រងគម្រោង, ៨-បច្ចេកវិទ្យា និងឌីជីថលក្នុងរដ្ឋបាលសាធារណៈ។

ចំណែកឯក្រុមទី២ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានចំនួន៥៧នាក់ ដែលសិក្សាលើមុខវិជ្ជា៖ ១-កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ២-ការតាក់តែងលិខិតរដ្ឋបាល និងរបាយការណ៍, ៣-នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ, ៤-សេវាសាធារណៈ, ៥-ប្រព័ន្ធរដ្ឋបាលកម្ពុជា, ៦-មុខងារសាធារណៈ, ៧-ថវិកាតាមកម្មវិធី និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, ៨-បច្ចេកវិទ្យា និងឌីជីថលក្នុងរដ្ឋបាលសាធារណៈ។

លោកនាយករង ង៉ឺយ ធឿន បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល១២០ម៉ោង ដែលមានថេរវេលាចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពមន្ត្រីឱ្យសមស្របទៅនឹងតម្រូវការនៃការគ្រប់គ្រងរដ្ឋបាលទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានោះ លោក ណាត ប៊ុនរឿន បានលើកឡើងថា ការបញ្ជូនមន្ត្រីរាជការជាន់ខ្ពស់របស់ក្រសួងអប់រំមកទទួលការបណ្ដុះបណ្ដាលបន្ថែមនេះ គឺដើម្បីបំពេញលក្ខខណ្ឌតម្រូវការនៃសមត្ថភាពធនធានមនុស្ស ដើម្បីឱ្យស្របទៅនឹងគោលនយោបាយ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០» ព្រមទាំងដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម៤.០ ការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន សង្គម សេដ្ឋកិច្ច ការធ្វើបរិវត្តកម្មអប់រំ។

នាឱកាសនោះ លោក យក់ ប៊ុនណា បានឱ្យដឹងដែរថា ការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈ គឺសរបញ្ជាក់ពីការពង្រឹងការអនុវត្តផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់ក្រសួងអប់រំ រួមជាមួយការលើកទឹកចិត្ត ការផ្តល់ឱកាស និងការជំរុញឱ្យមន្ត្រីជាន់ខ្ពស់ទាំងអស់បន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីដើរឱ្យទាន់ការវិវត្តថ្មីៗនៃសង្គមជាតិ និងអន្តរជាតិ ទាំងមុន-ទន្ទឹមពេល-និងក្រោយពេលតែងតាំងមុខតំណែងរដ្ឋបាលថ្មីនៃក្រសួងអប់រំ ស្របតាមគោលការណ៍គុណាធិបតេយ្យ។

លោករដ្ឋលេខាធិការប្រចាំការបានបន្តថា កម្មវិធីបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងអប់រំនៅសាលាភូមិន្ទរដ្ឋបាលនេះ គឺផ្ដោតលើមុខជំនាញចាំបាច់នានាដែលជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អ និងជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋស៊ីជម្រៅ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយកបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះដែរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ការប្រតិបត្តិផែនការយុទ្ធសាស្ត្រចតុកោណលើវិស័យអប់រំ ដោយបានចូលរួមចំណែកពង្រឹងសមត្ថភាពមន្ត្រី ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ ប្រកបដោយវិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីអប់រំ ដើម្បីបម្រើប្រជាពលរដ្ឋ និងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់នៃក្រសួងអប់រំជំនាន់ទី១នេះទៅ ក្រសួងមុខងារសាធារណៈដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ ក៏មានកិច្ចសហការជាមួយក្រសួងអប់រំក្នុងការបន្តកិច្ចការជ្រើសរើសនិងបណ្តុះបណ្តាលអនាគតមន្ត្រីគ្រប់គ្រងរដ្ឋបាលនៃក្រសួងអប់រំចំនួន១០០នាក់បន្ថែម នាដើមឆ្នាំ២០២៣ខាងមុខ៕