(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកឲ្យលោក-លោកស្រីជាចៅសង្កាត់ ត្រូវខិតខំរួមគ្នាចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យខាងតែបាន ព្រោះសេចក្ដីជូនដំណឹងបានចូលដល់ថ្ងៃឱសានវាទហើយ និងបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នេះជាការបញ្ជាក់របស់លោកអភិបាលខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២មនេះ ក្រោមវត្តមានលោកស្រី ឯក យ៉ានី តំណាងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ។
នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ បានលើកឡើងពីបច្ចុប្បន្នភាពរបស់គណៈអភិបាលខណ្ឌ ដែលត្រូវអនុវត្តបន្តជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌ ដោយលោកអភិបាលបញ្ជាក់ដូច្នេះថា បញ្ហាសណ្ដាប់ធ្នាប់ រដ្ឋបាលខណ្ឌច្បារអំពៅ បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ។
មួយវិញទៀត ក៏បានជូនដំណឹងរួចហើយដែរ ដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ៣៦៩ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីរួចហើយដែរការងារបន្ទាប់ត្រូវអនុវត្ត តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងឲ្យម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយ ភាពគ្មានសណ្តាប់ធ្នាប់ អាចដោះស្រាយបានបញ្ហាការកកស្ទះចរាចរណ៍ និងអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ នៅលើដងផ្លូវនិងចិញ្ចើមផ្លូវ។
លោកបានបញ្ជាក់ទៀតថា «យើងត្រូវប្ដេជ្ញារួមគ្នាធ្វើឲ្យបាន ដើម្បីសណ្ដាប់ធ្នាប់របៀបរៀបរយល្អ នៅក្នុងមូលដ្ឋានខណ្ឌ ហើយក្រោយពីរៀបរយហើយ មួយផ្នែកទៀតការរៀបចំសណ្ដាប់ធ្នាប់នេះ គឺជាការលើកកម្ពស់សោភ័ណភាពនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ»។
លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា បច្ចុប្បន្ននេះគណៈអភិបាលខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់ឲ្យប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានលទ្ធផលល្អ និងរួមគ្នាអនុវត្តបទបញ្ជារបស់សម្តេចតេជោ ឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ មិនឲ្យកើតមាននៅក្នុងមូលដ្ឋានខណ្ឌឡើយ។
លើសពីនេះទៀត គណៈអភិបាលបានខិតខំរួមគ្នាដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ ឲ្យបានជាអតិប្បរមា ដោយប្រកាន់ខ្ជាប់តាមយុទ្ធសាស្ត្រឈ្នះឈ្នះ គឺគ្មានអ្នកចាញ់ និងខិតខំកែលំអរចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់សង្កាត់ទាំងអស់។
លោកអភិបាលខណ្ឌ សូមថ្លែងអំណរគុណ ចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារៈ ថវិកា និងកម្លាំងជំនាញ ក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវនាំកូនចៅ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់៕