(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានការងារគណបក្សចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំដាក់ផែនការសកម្មភាពរបស់ក្រុមការងារគណបក្សនៃស្រុកទាំងពីរ ក៏ដូចជាក្រុមការងារគណបក្សឃុំ ភូមិ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ៣០២៣ខាងមុខ។
លោកបានពាំនាំនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកឡើងនូវផែនការទាំង១១ចំណុច និងបានផ្តោតបន្ថែមទៅលើការងារគណបក្សប្រចាំស្រុកបារាយណ៍និងស្រុកតាំងគោកនេះ។
លោកបានជំរុញឱ្យក្រុមការងារគណបក្សស្រុក ឃុំ ភូមិ ត្រូវពង្រឹងសមាជិកបក្សដែលមានស្រាប់ និងត្រូវខិតខំពង្រីកសមាជិកបក្សថ្មីៗបន្ថែមទៀត ដើម្បីពង្រីកកម្លាំងគាំទ្រគណបក្សបន្ថែមទៀត ឈានទៅសម្រេចបានជោគជ័យក្នុងការបោះឆ្នោតខាងមុខនោះ។
ជាមួយគ្នានោះ ក៏ត្រូវពង្រីកការកសាងសមាជិកបក្ស និង កសាងកម្លាំងគាំទ្រគណបក្សប្រជាជននៅគ្រប់ទីកន្លែងទាំង ក្នុងប្រពន្ធនិងក្រៅប្រព័ន្ធបន្ថែមទៀតដែរ ដូចជាតាមមូលដ្ឋានអាជីវកម្មនានាការដ្ឋានសំណង់ ចម្ការកៅស៊ូ កសិដ្ឋាន សហគ្រាសតូចនិងមធ្យម សេវាដឹកជញ្ជូន និងផ្សារជាដើម។
ត្រូវយកចិត្តទុកដាក់ពីការបន្តពង្រឹង និងការកសាងបក្ស «ពង្រឹងអ្នកចាស់ កសាងអ្នកថ្មី» «សមាជិកបក្សម្នាក់ សំឡេងឆ្នោតមួយសន្លឹក» ពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ត្រូវបង្កើតកម្លាំងវាយបកទៅលើកម្លាំងបក្សប្រឆាំងជ្រុលនិយមដែលព្យាយាមបំផ្លាញសុខសន្តិភាព ស្ថិរភាពផ្ទែក្នុងសង្គម និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។
ខិតខំពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋពីសមិទ្ធផលនានាដល់ប្រជាពលរដ្ឋ ពិសេសការកសាងសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ត្រូវក្តាប់បានជាប្រចាំនូវស្ថានភាពជាក់ស្តែងនៃជីវភាពរបស់ប្រជាពលរដ្ឋនិងសមាជិកគណបក្សនៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ហើយរកគ្រប់វិធីដោះស្រាយឲ្យបានទាន់ពេលវេលា។
ក្រុមការងារស្រុកទាំងពីរត្រូវប្រជុំគ្នាត្រួតពិនិត្យឲ្យបានទៀងទាត់នូវការអនុវត្តផែនការសម្មភាព ដែលបានដាក់ចេញឲ្យ បានសុីជម្រៅដល់មូលដ្ឋានភូមិ ឃុំ។
មន្ត្រីរាជការ មេឃុំ ស្មៀន នគរបាលប៉ុស្ដិ៍ មេភូមិ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។
លើសពីនេះ លោក ថោង ខុន បានណែនាំឱ្យក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវត្រៀមរៀបចំជាបណ្តើរៗនូវសម្ភារ ថវិកា បដាបក្ស មធ្យោបាយត្រៀមសម្រាប់ការបោះឆ្នោតឲ្យរួចរាល់ចាប់ពីពេលនេះតទៅ៕