(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានឆ្លៀតពេលដ៏មមាញឹកពីការងារបម្រើជាតិ អញ្ជើញជាអធិបតីភាពបិទពិធីបុណ្យអុំទូកនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីបុណ្យអុំទូកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្តាល មានរយៈពេលពីរថ្ងៃ ចាប់ផ្តើមថ្ងៃទី២៩ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី៣០ ខែតុលានេះ។
ថ្លែងទៅកាន់មន្ត្រីរាជការ កីឡាករ កីឡាការិនិអុំទូក ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមពិធីបុណ្យអុំទូកនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរខេត្តកណ្តាល ដែលបានរៀបចំពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយចំណុះទូកទាំងអស់ ដែលបានចូលរួមប្រកួត។ តាមការពិធីបុណ្យអុំទូកនេះ សម្តេចតេជោ បានថ្លែងកត់សម្គាល់ថា ទោះបីពលរដ្ឋខ្មែរមានមាននិន្នានយោបាយខុសគ្នា តែនៅតែមានការសាមគ្គីគ្នា ក្រោមម្លប់សុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែកម្ពុជា មានសុខសន្តិភាព ទើបមានការជួបជុំយ៉ាងសប្បាយបែបនេះ ដោយមិនខ្លាចមានគ្រាប់ផ្លោង ដោយបណ្តាប្រទេសមួយចំនួន។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីនាំមកនូវភាពសប្បាយរីករាយ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឱ្យដឹងថា ពិធីបុណ្យអុំទូកនេះរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ, អបអរសាទរខួបលើកទី៦៩ ពិធីបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ និងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ។
លោកអភិបាលខេត្ត បានឱ្យដឹងថា ពិធីបុណ្យអុំទូកនេះ មានទូកចូលរួមចំនួន ៩២ទូក និងមានកីឡាករ កីឡាការិនីចំណុះទូកចំនួន ៥,៣៣០នាក់។ ក្នុងនោះ ទូកអុំបុរស ៤៧ទូក ទូកចែវ ៧ទូក ទូកខ្នាតអន្តរជាតិ ៣៩ទូក និងទូកខ្នាតអន្តរជាតិជានារី ៤ទូក។
ទូកដែលបានចូលរួមប្រណាំងនេះ នៅក្នុងខេត្តកណ្តាលមានចំនួន ៧២ទូក, ភ្នំពេញ ៩ទូក, កំពង់ចាម ៤ទូក, ព្រៃវែង ២ទូក, តាកែវ ១ទូក, កំពង់ឆ្នាំង ១ទូក និងក្រសួងការងារចំនួន ៣ទូក។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ ទូកគូពិសេសដែលទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះសារាយតេជោសែនជ័យ, ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះគិរីវង់សុខសែនជ័យ និងចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ រតនៈកុមារតេជោសែនជ័យ។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យទុំទូកនៅខេត្តកណ្តាលនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំស្តង់ពិព័រណ៍លក់ផលិតផល ការប្រគុំតន្ត្រី បណ្តែតប្រទីប និងបាញ់កាំជ្រួច។ ថ្ងៃទី១ បាញ់កាំជ្រួចចំនួន ៨០០គ្រាប់ និងថ្ងៃទី២ បាញ់ចំនួន ៣៣០គ្រាប់។
តាមរយៈកម្មវិធីទាំងនេះ បាននាំមកនូវភាពសប្បាយរីករាយកាន់តែខ្លាំងជូនប្រជាពលរដ្ឋ។ រយៈពេលពីរថ្ងៃនៃពិធីបុណ្យនេះ មានអ្នកចូលរួមសរុបប្រមាណ ១១ម៉ឺននាក់ ប្រកបដោយភាពសប្បាយរីករាយជាទីបំផុត៕