(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្ដាល និងលោកស្រី នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមផ្តល់ឈាម ដើម្បីជំរុញការផ្តត់ផ្គង់ឈាម ដោយចីរភាព តាមរយៈបង្កើត «ក្លិបនៃក្តីស្រទ្បាញ់ ខេត្តព្រះវិហារ» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត មន្ទីរ-អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ និង ស.ស.យ.ក មកពី ក្រុង ស្រុកទាំង៨ នៃខេត្តព្រះវិហារ។
លោក គីម រិទ្ធី បានថ្លែងថា ការបរិច្ឆាគឈាមជួយសង្គ្រោះជីវិតមនុស្សមានច្រើននៅទូទាំងពិភពលោក ក្នុងនោះមន្ទីរពេទ្យនៅក្នុងខេត្តព្រះវិហារ ត្រូវការឈាមប្រមាណ៥០០ប្លោកក្នុងមួយឆ្នាំ។
លោកបានបន្តថា ឈាមបានមកពីអ្នកស្ម័គ្រចិត្ត មិនមែនជាប្រភពផ្គត់ផ្គង់ឈាមដោយចេរភាពទេ ដោយសារនៅពេលអ្នកជំងឺត្រូវការ ឈាម ពេលខ្លះពុំមានគ្រួសារផ្តល់ឈាមឱ្យ ឬពុំអាចផ្តល់ឱ្យបាន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា អ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាពបាន។
លោកក៏បានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ ដែលបានសហការរៀបចំកម្មវិធីនេះ ហើយបានជំរុញឱ្យ ស.ស.យ.ក ខេត្ត បន្តរៀបចំកម្មវិធីនេះឱ្យមានជារៀងរាល់ខែ ជាពិសេសតាមក្រុង ស្រុក និងមន្ទីរ-អង្គភាព បន្តស្ម័គ្រចិត្តផ្តល់ឈាម ក្លឹបនៃក្តីស្រទ្បាញ់ និងអាចស្វែងរកឈាមប្រមាណ ៥០០ប្លោកក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ជូនមន្ទីរពេទ្យនៅខេត្តព្រះវិហារ។
លោក គីម រិទ្ធី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ប្រសិនបើមានចំណាប់អារម្មណ៍ចង់ធ្វើការផ្តល់ឈាមអាចអញ្ជើញទៅធ្វើការផ្តល់ឈាមនៅមន្ទីរពេទ្យ បង្អែក១៦ មករា អត្ថប្រយោជន៍នៃការបរិច្ចាកឈាម គឺជាផ្នែកមួយនៃការលើកកម្ពស់មនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»៕