(កណ្ដាល)៖ នៅថ្ងៃទី១ នៃការរៀបចំពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ គេសង្កេតឃើញថាយុវជន យុវតី និងប្រជាពលរដ្ឋជិតឆ្ងាយមកលេងកម្សាន្តយ៉ាងកុះករ តាមការប៉ាន់ប្រមាណជិត ១០ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល។
យោងតាមការសង្កេតឃើញផ្ទាល់ពីសំណាក់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល មនុស្សចាប់ផ្ដើមមកលេងកម្សាន្តតាំងពីព្រឹក និងមកជាបន្តបន្ទាប់ឥតឈប់ទេ ពិសេសនាពេលសូរិយារៀបលិច មនុស្សកាន់តែច្រើនឡើងៗមកលេងកំសាន្តដូចទឹកបាក់ទំនប់ ពោលគឺដូចទឹកហូរអីចឹងមានចេញមានចូល តែចូលច្រើនជាងចេញ រហូតដល់ពាក់កណ្ដាលរាត្រីទៅហើយ នៅឡើយសម្លេងកងរំពង សម្រែកហ៊ោកញ្រ្ជៀវនៅតែបន្លឺឡើង ជាមួយនឹងស្នូរសាប់សម្លេងតន្ត្រីប្រគុំយ៉ាងទ្រហឹងអឺងកង ហាក់បង្ហាញពីក្ដីសោមនស្សរីករាយយ៉ាងពន់ពេក ក្នុងយុគសម័យតេជោសន្តិភាព មានភាពសប្បាយរីករាយឥតឧបមា ជាមួយនឹងការរៀបចំពិធីបុណ្យអុំទូកដែលញ៉ាំងឱ្យប្រជាជនមកលេងកម្សាន្តសប្បាយ បាត់អស់ទុក្ខកង្វល់ទាំងឡាយ បន្សល់តែស្នាមញញឹម និងការពេញចិត្តជាខ្លាំងចំពោះការដឹកនាំរបស់រដ្ឋបាលខេត្ត ដែលមានលោកបណ្ឌិត ម៉ៅ ភិរុណ ជាប្រធានក្រុមប្រឹក្សាខេត្ត, លោកគង់ សោភ័ណ្ឌ ជាអភិបាលខេត្ត ពិសេសគឺក្រិមការដឹកនាំដ៏ឈ្លាវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។
ថ្លែងទាំងញញឹម និងសប្បាយរីករាយមកចំពោះភ្នាក់ងារ Fresh News យុវតី សោភា និងយុវជន សីហា បាននិយាយថា «បងអើយ ខ្ញុំឃើញមនុស្សមកលេងសប្បាយរីករាយច្រើនមែនទែន ខ្ញុំរំភើបណាស់ពេលបានមកដល់ក្រុងតាខ្មៅ ដោយឃើញមានពិធីអុំទូក ហើយឃើញគេអុំសប្បាយណាស់បង និងឃើញគេលក់នំចំណីអាហារ និងលក់សម្ភារផ្សេងៗជាច្រើន មើលទៅរំភើប សប្បាយចិត្តណាស់ ហើយពិសេសពេលយប់មានការប្រគុំតន្ត្រី បាស់បុកពេញដើមទ្រូងម៉ងបង ដែលរូបភាពនេះ ធ្វើឱ្យខ្ញុំជាយុវជនមានចិត្តសប្បាយរីករាយ និងពេញចិត្តចំពោះថ្នាក់ដឹកនាំខេត្ត និងសម្ដេចតេជោ យ៉ាងខ្លាំង ដែលបានរៀបចំពិធីនេះឡើង ពិសេសបានធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព មានភាពសប្បាយរីករាយ, ខ្ញុំពេញចិត្តសម្ដេចតេជោខ្លាំងណាស់បង និងសុំឱ្យខាងខេត្តរៀបចំពិធីបុណ្យអុំទូកនេះរៀងរាល់ឆ្នាំ ខ្ញុំនឹងមកលេងឱ្យបានរាល់ឆ្នាំណាបង ព្រោះខ្ញុំពេញចិត្ត និងសប្បាយណាស់»។
សូមជម្រាបថា មិនត្រឹមតែជាមួយនឹងការប្រគុំតន្ត្រីលេងសប្បាយប៉ុណ្ណោះទេ នាពេលយប់ឡើង មានការបាញ់កាំជ្រួចដ៏ស្រស់ស្អាតលោមពណ៍ពាសពេញផ្ទៃអាកាស ហាក់បង្ហាញពីភាពជោគជ័យ នៃសន្តិភាពដ៏មហាអស្ចារ្យនៃកម្ពុជា ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ បានកន្ត្រាក់អារម្មណ៍ពលរដ្ឋទាំងជិត ១០ម៉ឺននាក់ ទាញក្រសែភ្នែកសម្លឹងមើលកាំជ្រួចជាមួយនឹងចិត្តរំភើប ហើយភាគច្រើនបានទាញទូរស័ព្ទថតទុកជាអនុស្សាវរីយ៍ បង្ហាញពីសេចក្ដីសុខផ្លូវចិត្ត ផ្លូវកាយ ជាមួយនឹងសម្លេងសើចសប្បាយ ហ៊ោរកញ្រ្ជៀវយ៉ាងក្លាវក្លាពីសំណាក់ទឹកមុខរបស់ពលរដ្ឋជិត ១០ម៉ឺននាក់ ដែលមកលេងកម្សាន្តនៅក្រុងតាខ្មៅនេះ។
គួរបញ្ជាក់ថា ជាមួយនឹងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ល្អ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និងថ្នាក់ដឹកនាំផ្សេងៗទៀត ឃើញថា សន្តិសុខបានធ្វើឡើងល្អបំផុត គ្មានបាតុភាពណាមួយកើតឡើងឡើយ ពោលគឺសន្តិសុខ សណ្ដាប់ធ្នាប់ល្អ កម្មវិធីដំណើរការរលូនល្អណាស់ បន្សល់តែស្នាមញញឹមក្នុងម្លប់សន្តិភាព ជាមួយនឹងស្នូរទះដៃ កងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី៕